គន្លឹះហិរញ្ញវត្ថុ សម្រាប់អ្នកទើបបញ្ចប់ការសិក្សា



នៅពេលអ្នកចាកចេញពីភាពសុខសាន្តនៃពេលវេលាសិក្សានៅមហាវិទ្យាល័យ ហើយចាប់ផ្តើមចូលដល់ដំណាក់កាលជីវិតពេញវ័យ អ្នកនឹងដឹងថាការគ្រប់គ្រងហិរញ្ញវត្ថុគឺមានភាពចាំបាច់ និងមិនមែនគ្រាន់តែជាជំនាញដ៏មានប្រយោជន៍មួយប៉ុណ្ណោះទេ។ ការគ្រប់គ្រងហិរញ្ញវត្ថុបានល្អ គឺជារបៀបធ្វើផែនការយុទ្ធសាស្ត្រ និងរៀបចំហិរញ្ញវត្ថុផ្ទាល់ខ្លួនរបស់អ្នក ដើម្បីធានាថាអ្នកបានបំពេញរាល់កាតព្វកិច្ចទាំងអស់ ដូចជាកម្ចីសិក្សា និងថ្លៃឈ្នួលផ្ទះជាដើម។ វាក៏នឹងធ្វើឲ្យប្រាកដផងដែរថា អ្នកមានលទ្ធភាពសន្សំប្រាក់ទុកសម្រាប់ពេលអនាគត។ សម្រាប់រយៈពេលវែងទៅមុខទៀត ប្រការនេះនឹងធានាថា អ្នករក្សាបាននូវស្ថេរភាពហិរញ្ញវត្ថុរបស់អ្នក។

តើអ្នកចាប់ផ្តើមដូចម្តេច?
វិធីដ៏ល្អក្នុងការចាប់ផ្តើមអភិវឌ្ឍជំនាញនេះ គឺត្រូវអប់រំខ្លួនអ្នកតាមរយៈការអានឯកសារពាក់ព័ន្ធនានា។ ចំណាយពេលខ្លះដើម្បីអានសៀវភៅ និងអត្ថបទនានាពាក់ព័ន្ធនឹងប្រធានបទហិរញ្ញវត្ថុដែលអ្នកចាប់អារម្មណ៍ ដូចជាប្រភេទនៃការវិនិយោគផ្សេងៗ ការសន្សំប្រាក់ ការធានារ៉ាប់រង ។ល។ វិស័យធនាគារនិងហិរញ្ញវត្ថុ ជួនកាលអាចជាវិស័យមួយដែលមានភាពលំបាកព្រោះតែពាក្យបច្ចេកទេសហិរញ្ញវត្ថុដែលពិបាកយល់ទាំងអស់នោះ ដូច្នេះ យកល្អត្រូវបន្ស៊ាំខ្លួនអ្នកទៅនឹងពាក្យទាំងនោះ ហើយបង្កើនការយល់ដឹងផ្នែកហិរញ្ញវត្ថុតាមរយៈការអាន។

កំណត់គោលដៅហិរញ្ញវត្ថុជាក់លាក់ និងអនុវត្តតាមឲ្យបានខ្ជាប់ខ្ជួន
អ្នកក៏គួរតែអនុវត្តការគ្រប់គ្រងហិរញ្ញវត្ថុ និងការរៀបចំកញ្ចប់ថវិកានៅក្នុងជីវភាពប្រចាំថ្ងៃរបស់អ្នកឲ្យបានត្រឹមត្រូវផងដែរ។ ធ្វើពង្រាងថវិកាប្រចាំខែ ដោយមានកត់ត្រាច្បាស់លាស់រាល់កាតព្វកិច្ចទាំងអស់របស់អ្នក និងតើប្រាក់បៀវត្សរ៍ប្រចាំខែរបស់អ្នកចំនួនប៉ុន្មាននឹងត្រូវបានបែងចែកតាមការកំណត់នីមួយៗរបស់អ្នក។ ត្រូវប្រាកដថា កញ្ចប់ថវិការបស់អ្នកគឺជាកញ្ចប់ថវិកាដែលមានភាពជាក់លាក់ និងមានប្រយោជន៍។ ឧទាហរណ៍ ជាការល្អ ត្រូវកំណត់ប្រាក់ បៀវត្សរ៍របស់អ្នកត្រឹម ៥% ប៉ុណ្ណោះសម្រាប់កម្ចីសិក្សា និង ២៥% សម្រាប់សម្លៀកបំពាក់ និងការកម្សាន្ត។ នៅពេលអ្នកកត់ត្រាអ្វីៗគ្រប់យ៉ាងរួចហើយ ចូរប្រកាន់យកទម្លាប់តាមដានហិរញ្ញវត្ថុរបស់អ្នក ដើម្បីដឹងថាតើអ្នកនឹងចំណាយប្រាក់លើអ្វីខ្លះ។ អ្នកអាចប្រើប្រាស់កម្មវិធីលើ ទូរសព្ទដៃ ដូចជាកម្មវិធី Fast Budget ជាដើម ជាជំនួយ។

បង់កម្ចីសិក្សារបស់អ្នកឲ្យបានទាន់ពេលវេលា
ទម្លាប់ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុដ៏ល្អមួយទៀតដែលត្រូវប្រកាន់យកពីដើមដំបូង គឺការដោះស្រាយបញ្ហាប្រាក់កម្ចីរបស់អ្នកឲ្យបានឆាប់តាមដែលអាចធ្វើបាន និងការទូទាត់កម្ចីទាំងនោះឲ្យបានទាន់ពេលវេលា។ ដោយសារតែអត្រាការប្រាក់អាចនឹងបង្គរច្រើនឡើងជាបន្តបន្ទាប់ ហើយ កាលណាអ្នកមិនអើពើពីកម្ចីសិក្សារបស់អ្នកកាន់តែយូរ អ្នកនឹងត្រូវចំណាយទៅលើ អត្រាការប្រាក់កាន់តែច្រើន។ ការទូទាត់កម្ចីសិក្សារបស់អ្នកឲ្យជ្រះស្រឡះទាន់ពេលវេលា ក៏អាចរួមចំណែកកសាងប្រវត្តិឥណទានល្អ ដែលនឹងផ្តល់អត្ថប្រយោជន៍នៅពេលអ្នកដាក់ពាក្យសុំកម្ចីធំៗក្នុងពេលអនាគត ដូចជាកម្ចីបញ្ចាំទិញផ្ទះជាដើម។

ចាប់ផ្តើមការបណ្តាក់ទុនវិនិយោគ
ជាចុងក្រោយ ប្រសិនបើអ្នកមានបំណងចង់ចាប់ផ្ដើមអ្វីថ្មី និងរួមបញ្ចូលការប្ដេជ្ញាចិត្តផ្សេងទៀត ទៅក្នុងកញ្ចប់ថវិការបស់អ្នក ដូច្នេះ វាមិនលឿនពេកនោះទេក្នុងការពិចារណាលើការបណ្តាក់ទុនមួយចំនួន។ វាមិនត្រឹមតែជួយឲ្យអ្នកស្គាល់អំពីបរិយាកាសសេដ្ឋកិច្ចនៃប្រទេសរបស់អ្នក និងមូលដ្ឋាននៃការគ្រប់គ្រងហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាចនឹងជួយអ្នកឲ្យទទួលបានផលចំណេញ ខ្លះៗផងដែរ។ ជម្រើសដ៏ល្អមួយចំនួនសម្រាប់និស្សិតទើបបញ្ចប់ការសិក្សា រួមមានការដាក់ប្រាក់បញ្ញើមានកាលកំណត់ មូលនិធិបណ្តាក់ទុនរួម (unit trust) សង្គហធន (mutual funds) និងការធានារ៉ាប់រងពាក់ព័ន្ធនឹងការវិនិយោគ (investment-linked insurances)។ ការវិនិយោគទាំងនេះ ជាធម្មតាបង្កហានិភ័យទាប និងអាចជួយកសាងទំនុកចិត្តរបស់អ្នកក្នុងនាមជាអ្នក វិនិយោគដំបូង។ នៅទីបំផុត អ្នកអាចនឹងពិចារណាចូលរួមក្នុងការវិនិយោគសំខាន់ៗបន្ថែមទៀត ដូចជាផ្នែកភាគហ៊ុន និងមូលបត្រជាដើម។

ការគ្រប់គ្រងហិរញ្ញវត្ថុ មិនចាំបាច់ទាល់តែជាកម្មវត្ថុដែលបង្ខំឲ្យរៀននោះទេ អ្វីដែលសំខាន់គឺអ្នកត្រូវដឹងព័ត៌មាន។ តាមរយៈការអនុវត្តទម្លាប់ហិរញ្ញវត្ថុល្អនៅវ័យក្មេង អាចជួយឲ្យអ្នកសម្រេចបានស្ថានភាពហិរញ្ញវត្ថុល្អប្រសើរនាពេលអនាគត ដូចជាការទទួលបាននូវសេរីភាពហិរញ្ញវត្ថុ ឬការចូលនិវត្តមុនពេលកំណត់ជាដើម។ សូមបបួលមិត្តភក្តិរបស់អ្នកឲ្យចូលរួមជា មួយអ្នកផង។ គ្មានអ្វីដែលជំរុញទឹកចិត្តខ្លាំងជាងការមានមនុស្សដែលមានរសនិយមស្រដៀងគ្នានៅជុំវិញខ្លួនអ្នកឡើយ។
គឺជាកម្មវិធី Mobile Banking App ដែលអនុញ្ញាតឱ្យអ្នកចូលប្រើ និងគ្រប់គ្រងគណនីធនាគាររបស់អ្នកតាមរយៈស្មាតហ្វូនរបស់អ្នក។ ក្រៅពីមុខងាររបស់ធនាគារ វាអាចជួយអ្នកក្នុងការផ្តល់គន្លឹះ និងល្បិចហិរញ្ញវត្ថុ សន្សំប្រាក់ពេលកំពុងសប្បាយ ធ្វើអ្វីបានជាច្រើនទៀត និងចំណាយពេលតិចក្នុងការព្រួយបារម្ភអំពីរឿងហិរញ្ញវត្ថុដ៏ស្មុគស្មាញ!
gowaveQr
ស្កេនទាញយក playstore appstore
gowavePhones