ការគិតខុសពីហិរញ្ញវត្ថុទាំងបីត្រូវបានបកស្រាយ!
តាមរយៈអត្ថបទ និងព័ត៌មានពីចំណេះដឹងហិរញ្ញវត្ថុជាច្រើននៅលើអនឡាញ តើយើងអាចបែងចែករវាងព័ត៌មានពិត និងមិនពិតដោយរបៀបណា?
នៅពេលដែលយើងជឿទៅតាមការគិតខុសទាំងអស់នេះ វានឹងអាចជះឥទ្ធិពលអាក្រក់ដល់ស្ថានភាពហិរញ្ញវត្ថុ ជាពិសេសនៅពេលដែលអ្នកនៅជុំវិញខ្លួនអ្នក បានបញ្ចេញមតិរៀងៗខ្លួនអំពីការរៀបចំហិរញ្ញវត្ថុ ដែលអាចធ្វើឲ្យអ្នកទាំងអស់គ្នាចាប់ផ្តើមផ្លាស់ប្តូរការគិតជាច្រើនដង។
ហេតុនេះហើយ បានជាយើងចង់ជួយអ្នកទាំងអស់គ្នាឲ្យចាប់ផ្តើមគិតឡើងវិញពីការគិតខុសផ្នែកហិរញ្ញវត្ថុ និងស្វែងយល់ពីការពិត។ តោះ! ចាប់ផ្តើមអានទាំងអស់គ្នា!
ជំនឿមិនត្រឹមត្រូវទី១៖
ខ្ញុំនៅក្មេងនៅឡើយ មិនទាន់ហួសពេលគិតគូររៀបចំផែនការចូលនិវត្តន៍នោះទេ
អ្នកទាំងអស់គ្នាប្រហែលជាគិតថា ការសន្សំលុយសម្រាប់ចូលនិវត្តន៍គឺជាគម្រោងដ៏សែនឆ្ងាយនៅថ្ងៃមុខ ក្នុងពេលដែលអ្នកទាំងអស់គ្នានៅក្មេងនៅឡើយ ពិតមែនអត់? យើងសូមឲ្យអ្នកទាំងអស់គ្នាគិតឡើងវិញម្តងទៀត។ គ្មានអ្វីដែលថាមិនអាចរៀបចំផែនការទាំងវ័យក្មេងនោះទេ។ តាមការពិត រៀបចំផែនការបានកាន់តែលឿន យើងនឹងអាចសម្រេចបាននូវសេរីភាពផ្នែកហិរញ្ញវត្ថុកាន់តែឆាប់រហ័ស និងអាចចូលនិវត្តន៍បានកាន់តែលឿន -- នេះហើយជាមូលហេតុ។
ចំណុចវិជ្ជមានសម្រាប់អ្នកដែលនៅវ័យក្មេងគឺ យើងមិនទាន់មានកាតព្វកិច្ចក្នុងការចំណាយច្រើននៅឡើយ ដូចជា ការបង់រំលស់ និងការចំណាយផ្សេងៗក្នុងគ្រួសារ។ ចំណែកឯអ្នកដែលមានវ័យកាន់តែច្រើន កាតព្វកិច្ចចំណាយក៏កាន់តែកើនឡើង។ ដូច្នេះហើយ ឆ្លៀតពេលដែលយើងអាចមានលទ្ធភាពសន្សំ ហេតុអ្វីមិនចាប់ផ្តើមទៅ?
លើសពីនេះទៀត ប្រសិនបើចាប់ផ្តើមកាន់តែលឿន អ្នកទាំងអស់គ្នាកាន់តែមានប្រៀបជាងគេ។ សាកល្បងគិតពីការប្រាក់សមាស ដែលចាប់ផ្តើមសន្សំកាន់តែឆាប់ ចំណូលក៏កាន់តែកើនឡើងជាបន្តបន្ទាប់។ ខាងក្រោមនេះជាឧទាហរណ៍៖
ឧទាហរណ៍ថា យើងចាប់ផ្តើមសន្សំប្រាក់នៅអាយុ ២៥ឆ្នាំ ដោយដាក់ប្រាក់ ១,០០០ដុល្លារ រៀងរាល់ឆ្នាំ ចូលទៅក្នុងគណនីរបស់យើង ជាមួយអត្រាការប្រាក់ ៤ ភាគរយក្នុងមួយឆ្នាំ។ នៅពេលដែលយើងឈានដល់អាយុ ៣៥ឆ្នាំ នោះយើងនឹងទទួលបានការប្រាក់ ២,៤៨៦.៣៥ ដុល្លារ -- ដែលនឹងធ្វើឱ្យទឹកប្រាក់សន្សំសរុបកើនដល់ ១២,៤៨៦.៣៥ ដុល្លារ។ អ្នកទាំងអស់គ្នាឃើញពីភាពខុសគ្នាហើយឬនៅ?
ជំនឿមិនត្រឹមត្រូវទី២៖
ប័ណ្ណឥណទាន (Credit Cards) មិនល្អទេ វាអាចនាំមកនូវបំណុល
ជំនឿមួយនេះជាអ្វីដែលអ្នករាល់គ្នាតែងតែនិយាយ ប៉ុន្តែយើងសូមប្រាប់ថាមិនពិតទេ! ផ្ទុយស្រឡះពីជំនឿនេះ ប័ណ្ណឥណទាន ពិតជាអាចផ្តល់អត្ថប្រយោជន៍ច្រើនជាងផ្តល់ផលអាក្រក់។
ជាដំបូង កាតមួយនេះផ្តល់ភាពងាយស្រួល និងសុវត្ថិភាពក្នុងការចំណាយសម្រាប់សកម្មភាពប្រចាំថ្ងៃ ដោយមិនព្រួយបារម្ភពីការបាត់លុយ។ ក្រៅពីនេះ ប័ណ្ណឥណទានក៏មានប្រយោជន៍ផងដែរសម្រាប់ការចំណាយដោយមិនបានគ្រោងទុកជាមុន ដូចជាថ្លៃពេទ្យ ឬថ្លៃជួសជុលរថយន្ត។ កាន់តែពិសេសទៀតនោះ គឺប័ណ្ណឥណទានភាគច្រើនផ្តល់ការបញ្ចុះតម្លៃ និងការផ្តល់ជូនពិសេសនៅតាមហាងនានា ជាកាដូលើកទឹកចិត្តសម្រាប់ការចំណាយរបស់អ្នក។
កង្វល់ដ៏ធំនោះគឺបំណុលប័ណ្ណឥណទាន ដែលអាចកើតឡើងដោយសារតែផុតថ្ងៃកំណត់បង់ប្រាក់។ ដូច្នេះ អ្វីដែលអ្នកត្រូវធ្វើគឺត្រូវចាយឲ្យបានសមស្រប បង់ប្រាក់ឲ្យបានទៀងទាត់ និងចៀសវាងពីការកើនបំណុល! មិនគួរឲ្យភ័យខ្លាចទេ មែនអត់?
ជំនឿមិនត្រឹមត្រូវទី៣៖
ខ្ញុំមិនមានលុយគ្រប់គ្រាន់ដើម្បីសន្សំទេ
មនុស្សជាច្រើនជឿថា ដើម្បីអាចសន្សំបាន ទាល់តែរកលុយចាយឲ្យបានគ្រប់គ្រាន់ជាមុនសិន។ តែអ្វីដែលយើងមិនដែលដឹងនោះគឺ ការដាក់ប្រាក់សន្សំត្រឹមតែ ១០ដុល្លារទៅ ២០ដុល្លារជារៀងរាល់ខែ ក្នុងធនាគារ ក៏ហៅថាជាការសន្សំដែរ។ ទោះបីជាមើលទៅមិនច្រើនក៏ពិតមែន ប៉ុន្តែយ៉ាងហោចណាស់ យើងនឹងទទួលបាន ២៤០ដុល្លារក្នុងមួយឆ្នាំ ដែលនេះប្រសើរជាងមិនសន្សំដែរ។ ចំណុចសំខាន់ មិនមែនស្ថិតលើទំហំទឹកប្រាក់ដែលដាក់សន្សំនោះទេ តែផ្តោតទៅលើទម្លាប់នៃការសន្សំ។
ឧទាហរណ៍ បើទោះជាមនុស្សម្នាក់ដែលអាចរកចំណូលបាន ១០០,០០០ដុល្លារ ក្នុងមួយឆ្នាំ ប្រសិនបើគាត់មិនមានទម្លាប់សន្សំទេនោះ គាត់នៅតែមិនមានប្រាក់គ្រប់គ្រាន់សម្រាប់ដាក់សន្សំ។ យើងនៅតែមិនអាចមានលុយគ្រប់គ្រាន់ ប្រសិនបើយើងមិនចាប់ផ្តើមទម្លាប់នេះ!
ជំនួសឱ្យការចាយវាយខ្ជះខ្ជាយ ហើយចៀសវាងការដាក់សន្សំតែប្រាក់ដែលនៅសេសសល់ចុងខែ សាកល្បងចាត់ចែងលុយមួយចំណែក ដែលទទួលបានភ្លាមៗពេលបើកប្រាក់ខែ។ ប្រសិនបើអ្នកមិនច្បាស់ថាត្រូវដាក់សន្សំប៉ុន្មានទេនោះ វិធានចាត់ចែងប្រាក់ ៥០/៣០/២០ ភាគរយ គឺជាវិធីសាស្រ្តដ៏ប្រសើរបំផុតសម្រាប់អ្នកដែលទើបចាប់ផ្តើម។
៥០% នៃប្រាក់ចំណូលត្រូវប្រើប្រាស់សម្រាប់តម្រូវការចាំបាច់ផ្សេងៗ ៣០% សម្រាប់តម្រូវការបន្ទាប់បន្សំ ហើយ ២០% ទៀតសម្រាប់ការសន្សំ។ នៅមិនទាន់ច្បាស់មែនទេ? សាកល្បងការគណនាប្រាក់សន្សំរបស់យើងនៅត្រង់នេះ នោះយើងនឹងធ្វើការគណនាជូន។
នេះហើយគឺជាចំណេះដឹងដែលអ្នកទាំងអស់គ្នាទទួលបាន អំពីការពិតនៅពីក្រោយជំនឿទាំងអស់នេះ។ អ្វីដែលប្រសើរបំផុតនោះ គឺត្រូវចេះសិក្សាស្រាវជ្រាវបន្ថែមដោយខ្លួនឯង ហើយធ្វើការសម្រេចចិត្ត ជាជាងការជឿទៅលើព័ត៌មានមិនត្រឹមត្រូវ។ ចាប់ផ្តើមទម្លាប់សន្សំនៅថ្ងៃនេះ ហើយអ្នកទាំងអស់គ្នានឹងឃើញផ្លែផ្កាជាក់ជាមិនខាននៅពេលខាងមុខ!
RHB Premier gives you exclusive privileges, expert advice, and tailored services — so you can focus on living well.
RHB offers deposits, loans, and investments designed around you — because we understand your financial needs.
Start, grow, or upgrade your business with RHB Business Loans — tailored financing and expert support to drive your success. / test
RHB Premier gives you exclusive privileges, expert advice, and tailored services — so you can focus on living well.
RHB offers deposits, loans, and investments designed around you — because we understand your financial needs.