ការសម្របខ្លួនពីវិទ្យាល័យមកមហាវិទ្យាល័យគឺពោរពេញទៅដោយភាពមមាញឹក។ យើងត្រូវប្រែខ្លួនជាមនុស្សពេញវ័យដូច្នេះយើងក៏មានកាតព្វកិច្ចថ្មីផងដែរដែលមានដូចជាការរាប់អានមិត្តថ្មី ការមករៀនទៀងម៉ោង ខ្លះវិញត្រូវផ្លាស់ទីលំនៅឆ្ងាយពីអាណាព្យាបាលដូច្នេះត្រូវចេះរស់នៅដោយឯករាជ្យទៀតផង។ ដោយហេតុនេះហើយតើមានពេលឯណាមកស្រាវជ្រាវពីការវិនិយោគនោះ? តាមជាក់ស្ដែង ពេលកំពុងពេញវ័យសិក្សានេះហើយជាពេលដ៍ល្អសម្រាប់ការចាប់ផ្ដើមវិនិយោគ។ ថ្វីត្បិតយើងមិនសូវមានដើមទុនសម្រាប់វិនិយោគពិតមែនប៉ុន្តែសូម្បីតែការ ប៉ុន្តែសូម្បីតែការ វិនិយោគបន្តិចបន្តួចនេះក៏អាចជាយាន្តសម្រាប់ការបង្កើតមូលបត្ររបស់យើងដែរ។ ការវិនិយោគបន្តិចបន្តួចនេះអាចមានប្រយោជន៍ទៀតផងព្រោះយើងនឹងរៀនពីរបៀបវិនិយោគនិងដោះស្រាយបញ្ហាទាក់ទងនឹងការខាតបង់ដែលចៀសមិនរួចដោយមិនខាតបង់លុយច្រើន។ យើងរមែងនិយមគិតថាការវិនិយោគគឺសម្រាប់តែអ្នកមានជំនាញឬមានជីវភាពធូធារ ហើយយើងគិតថាចាំដល់ពេលមានការងារទើបចាប់ផ្ដើមស្វែងយល់ពីការវិនិយោគ។ ប៉ុន្តែយើងក៏គួរពិចារណាពីវិធីសាស្រ្តវិនិយោគដែលអាចជួយបង្កើតនិងធ្វើឲ្យអនាគតហិរញ្ញវត្ថុយើងឋិតថេរផងដែរ។ អ៊ីចឹងតើយើងគួរធ្វើយ៉ាងម៉េច?
១.បើកគណនីមានកាលកំណត់
យើងមិនសូវគិតថាការប្រើប្រាស់សេវាកម្មធនាគារ ជាការវិនិយោគមួយនោះទេ ប៉ុន្តែវាជាវិធីមួយដែលមានសុវត្ថិភាពបំផុត។ គណនីមានកាលកំណត់ តម្រូវឲ្យយើងតម្កល់ប្រាក់ក្នុងរយៈពេលណាមួយហើយធនាគារនឹងផ្ដល់ការប្រាក់ឲ្យយើង។មុននឹងបើកគណនីនេះ យើងអាចរកមើលព័ត៌មានតាមគេហទំព័រធនាគារណាមួយហើយសឹមធ្វើការសម្រេចចិត្តថាគួរជ្រើសរើសធនាគារមួយណា និងចង់តម្កល់ប្រាក់ក្នុងរយៈពេលប៉ុន្មានខែ។ នេះជាវិធីវិនិយោគយ៉ាងងាយស្រួលបើសិនជាយើងមិនត្រូវការប្រើប្រាស់ថវិការនោះព្រោះយើងគ្រាន់តែតម្កល់ចោលនៅក្នុងគណនីរបស់យើង ការប្រាក់ដែលធនាគារនឹងផ្ដល់ត្រឡប់មកវិញ គឺអាចខុសៗគ្នាអាស្រ័យទៅតាមរយៈពេលនៃកាលកំណត់ បើយើងតម្កល់ប្រាក់កាន់តែយូរនោះយើងនឹងទទួលបានអត្រាការប្រាក់កាន់តែខ្ពស់។
២. ស្វែងរកគួកជេហ៊ុនដែលមានតម្លៃសមរម្យ
បើយើងចង់ប្រឡូកក្នុងការវិនិយោគលើទីផ្សារភាគហ៊ុនឬមូលបត្រយើងអាចស្វែករកគួកជេហ៊ុនបាន។ អ្នកទាំងនេះអាចជាបុគ្គលឬក្រុមហ៊ុនណាមួយដែលបានចុះឈ្មោះជាសមាជិករបស់ផ្សារមូលបត្រ។ សមាជិកទាំងនេះអាចផ្ដល់ការស្រាវជ្រាវនិងឧបករណ៍អប់រំឬដំបូន្មានក្នុងការ វិនិយោគដល់យើងក្នុងការចាប់ផ្ដើមការប្រឡូកក្នុងវិស័យនេះ។ បើចង់រកសមាជិកឬគួកជេហ៊ុននេះយើងអាចស្រាវជ្រាវក្នុងគេហទំព័រផ្សារ មូលបត្រជាតិនិងអន្តរជាតិបាន ប៉ុន្តែចូរចាំថាគួកជេទាំងនេះនឹងគិតថ្លៃសេវាប្រឹក្សា ហេតុដូច្នេះយើងគួរពិចារណារកសមាជិកណាដែលមានតម្លៃ សមរម្យនិងគួរឲ្យទុកចិត្ត។
៣. វិនិយោគម្ដងបន្តិចប្រចាំខែ
បើយើងរកបានគួកជេហ៊ុនដែលមានតម្លៃសមរម្យ យើងនឹងអាចមានលទ្ធភាពវិនិយោគបន្តិចបន្តួចរាល់ខែ។ ក្នុងមួយខែយើងអាចគ្រាន់តែ វិនិយោគតាមអ្វីដែលយើងមានក៏យើងនឹងឃើញជាក់ស្ដែងថាទីផ្សារហ៊ុននឹងមានសកម្មភាពឡើងចុះ។ ទោះជាទិដ្ឋភាពសេដ្ឋកិច្ចយ៉ាងណាក៏ដោយ យើងនៅតែគួរចាប់ផ្ដើមវិនិយោគម្ដងបន្តិច។ ពេលយើងចាប់ផ្ដើមដាក់ទុន យើងនឹងមានកត្តាជម្រុញឲ្យយើងតាមដានទីផ្សារនិងចាប់ផ្ដើមគិតថាយើងជាវិនិយោគិនម្នាក់។ ម្យ៉ាងវិញទៀតការដាក់ទុននេះនឹងជម្រុញឲ្យយើងខិតខំស្រាវជ្រាវនិងវិភាគមូលបត្រសរុបរបស់យើងដែលមានក្នុងទីផ្សារ។
សរុបមក សម្រាប់សិស្សដែលកំពុងពិចារណាពីសុវត្ថិភាពនៃការវិនិយោគក្នុងទីផ្សារគួរវិនិច្ឆយទាំងបីចំណុចនេះដែលយើងលើកឡើង។ ទីផ្សារតែងមានការផ្លាស់ប្ដូរដូច្នេះវាពិតជាសំខាន់ណាស់បើយើងអាចរកគួកជេហ៊ុនដែលអាចផ្ដល់ដំបូន្មានក្នុងការវិនិយោគដែលមានហានិភ័យ តិច។ ប៉ុន្តែបើមិនចង់ប្រឈមនឹងហានិភ័យនៃភាពបត់បែនរបស់ទីផ្សារ យើងអាចវិនិយោគលើធនាគារដោយបើកគណនីមានកាលកំណត់បាន។