វិធីសាមញ្ញៗក្នុងការសន្សំសំចៃ ពេលញ៉ាំអាហារនៅខាងក្រៅ
និយាយដោយត្រង់ទៅ នរណាក៏ចូលចិត្តញ៉ាំអាហារនៅខាងក្រៅដែរ! គ្មានអ្វីល្អជាងការអង្គុយញ៉ាំម្ហូបក្លែមបណ្ដើរ បង្កើនភាពជិតស្និទ្ធជាមួយមនុស្សជាទីស្រលាញ់បណ្ដើរ ខណៈរង់ចាំម្ហូបដែលយើងកុម្ម៉ង់នោះទេ។ ថែមទាំងមានបង្អែមលាងមាត់ទៀតផង។ គ្រាន់តែគិត ក៏ឃ្លានដែរ។
តើអ្នកដឹងទេថា យោងតាមសារព័ត៌មាន Khmer Times ប្រជាជនខ្មែរដែលរស់នៅទីក្រុងម្នាក់ចំណាយជាមធ្យម ៧ដុល្លារ រាល់ពេលដែលពួកគេញ៉ាំអាហារនៅខាងក្រៅ? ការញ៉ាំអាហារនៅខាងក្រៅពីរពេលក្នុងមួយថ្ងៃ អាចធ្វើឲ្យការចំណាយកើនដល់ ៥,០០០ដុល្លារ ក្នុងមួយឆ្នាំ!
ទោះបីជាយើងដឹងថាការចម្អិនម្ហូបញ៉ាំនៅផ្ទះអស់លុយតិចជាងក៏ដោយ ក៏យើងនៅតែចូលចិត្តភាពប្រណីត និងងាយស្រួលក្នុងការញ៉ាំអាហារនៅភោជនីយដ្ឋានដែលយើងចូលចិត្តដែរ។ បន្ទាប់ពីបានដឹងរួចមក យើងបានរិះរកវិធីក្នុងការសន្សំលុយដ៏មានប្រយោជន៍មួយចំនួន ដើម្បីប្រាកដថាយើងអាចទទួលបានផលចំណេញ!
ទាញយកអត្ថប្រយោជន៍ពីការផ្ដល់ជូនពិសេសពីប័ណ្ណឥណពន្ធ/ឥណទានរបស់អ្នក
នេះជាវិធីសម្រាប់ឲ្យអ្នកអាចរីករាយជាមួយនឹងអាហារដែលអ្នកចូលចិត្តដោយចំណាយប្រាក់តិច។ មុនពេលចេញទៅក្រៅ សាកល្បងស្វែងរកការផ្ដល់ជូនពិសេសៗពីអ្នកផ្ដល់សេវាប័ណ្ណឥណពន្ធ/ឥណទានរបស់អ្នក។ ភោជនីយដ្ឋានធំៗភាគច្រើនសហការដៃគូជាមួយធនាគារក្នុងស្រុកដើម្បីផ្ដល់ជូនប្រូម៉ូសិនពិសេសៗដល់អ្នក។ អាស្រ័យលើឥណពន្ធ/ឥណទានរបស់អ្នក ការផ្ដល់ជូនមានដូចជា អ្នកអាចនឹងទទួលបានការសន្សំពិន្ទុ ការផ្ដល់ជូនដោយឥតគិតថ្លៃ ហើយ (ប្រសិនបើអ្នកមានសំណាង) អ្នកនឹងទទួលបានប្រាក់ត្រលប់មកវិញទៀតផង!
ត្រូវប្រាកដថាអ្នកដឹងព័ត៌មានថ្មីៗ និងតាមដានប្រូម៉ូសិន និងការផ្ដល់ជូនទាំងនេះតាមរយៈគេហទំព័រ (វេបសាយ) ឬកម្មវិធីរបស់ធនាគារ។ ទន្ទឹមនឹងនោះផងដែរ រកមើលប្រូម៉ូសិននៅតាមភោជនីយដ្ឋានផ្ទាល់តែម្ដង ព្រោះភោជនីយដ្ឋាននានាតែងតែប្រកាសពីការបញ្ចុះតម្លៃ ឬការផ្ដល់ជូនម្ហូបអាហារឥតគិតថ្លៃដល់អ្នកកាន់កាតណាមួយ។
ម៉ោងអាហារថ្ងៃត្រង់ និងម៉ោងកម្មវិធីរីករាយ (Happy Hour)
ដល់ម៉ោងញ៉ាំអាហារថ្ងៃត្រង់ហើយ តោះស្វែងរកប្រូម៉ូសិនម៉ឺនុយអាហារថ្ងៃត្រង់! ម៉ឺនុយអាហារថ្ងៃត្រង់ ធ្វើឲ្យអ្នកអាចញ៉ាំអាហារបានតាមចិត្តដូចកុមារី Alice នៅក្នុងរឿងព្រេងនិទាន Alice in Wonderland។ មុខម្ហូបភាគច្រើនពេលអាហារថ្ងៃត្រង់ជាធម្មតាមានតម្លៃទាបបើប្រៀបធៀបនឹងពេលផ្សេងៗ។ ឈុតអាហារថ្ងៃត្រង់ ផ្ដល់ភាពរីករាយដល់យើងគ្រប់គ្នា ជាពិសេសការបន្ថែមជូនមុខម្ហូប ភេសជ្ជៈ ឬបង្អែម។ លើសពីនោះទៅទៀត អ្នកអាចសន្សំសំចៃខណៈពេលភ្លក់រសជាតិអាហារជាច្រើនមុខនៅពេលអ្នកញ៉ាំអាហារថ្ងៃត្រង់ជាមួយមិត្តភ័ក្តិរបស់អ្នក!
“ប៉ុន្តែ ចុះបើខ្ញុំចូលចិត្តញ៉ាំអាហារពេលល្ងាចវិញ?”
ចូលរួមក្នុងកម្មវិធី Happy Hour នៅពេលល្ងាច! ដូចប្រូម៉ូសិនម៉ឺនុយអាហារថ្ងៃត្រង់ដែរ ម៉ឺនុយ ក្នុងកម្មវិធី Happy Hour ជារឿយៗតែងផ្សព្វផ្សាយភេសជ្ជៈ និងអាហារពិសេសៗដើម្បីទាក់ទាញ និងមានភ្ញៀវមកពេញ មុនពេលអាហារពេលល្ងាច។ នេះជាពេលវេលាល្អបំផុតដើម្បីសាកល្បងទៅញ៉ាំអាហារកន្លែងថ្លៃៗដែលមានតម្លៃទាបជាងធម្មតា។ *ឡូយអត់?*
កុំរង់ចាំយូរ ទូរស័ព្ទទៅមិត្តភ័ក្តិរបស់អ្នក ជួបសួរសុខទុក្ខគ្នា និងរីករាយការចែករំលែកអាហារញ៉ាំជុំគ្នា! ទីបំផុត ការចែករំលែក ជាការយកចិត្តទុកដាក់ នោះហើយជាអត្ថន័យនៃពាក្យមិត្តភ័ក្តិ ត្រូវទេ?
រំលងផ្នែកភេសជ្ជៈ
អ្នកចូលចិត្តញ៉ាំ ស្ដាប់ឲ្យច្បាស់! តើអ្នកដឹងទេថា ភោជនីយដ្ឋានមួយចំនួនទាញយកផលប្រយោជន៍ពីម៉ឺនុយភេសជ្ជៈ? ពួកគេយកចំណេញច្រើនដោយការលក់ក្នុងតម្លៃស្ទើរតែមួយគុណនឹងបី នៃតម្លៃដើម។ មានន័យថា កូកាកូឡាមួយកំប៉ុង អាចលក់បានរហូតដល់ ៥ដុល្លារ! កុំចូលទៅក្នុងអន្ទាក់នោះឲ្យសោះ! តម្លៃប៉ុណ្ណេះ អ្នកអាចកុម្ម៉ង់អាហារដ៏ឆ្ងាញ់បានមួយមុខទៀត។ ចំណាយលុយលើអ្វីដែលមានតម្លៃ ដូចជាម៉ឺនុយឈុតអាហារថ្ងៃត្រង់ដ៏ឈ្ងុយឆ្ងាញ់ដែលយើងបានលើកឡើងពីខាងដើម។ លើកក្រោយ ពេលមានអារម្មណ៍ថាស្រេកទឹក ជម្រើសវៃឆ្លាតគឺសុំទឹកមួយកែវ ឬទឹកតែដែលអាចញ៉ាំបានដោយសេរីឥតគិតថ្លៃ ដែលផ្ដល់ជូនដោយហាងភាគច្រើននៅកម្ពុជា។
ការចែករំលែកជាការយកចិត្តទុកដាក់ (ដើម្បីជួយសន្សំសំចៃគ្នា!)
មិត្តភ័ក្តិដែលសន្សំសំចៃជាមួយគ្នា នឹងមានមិត្តភាពជានិរន្តរ៍។ គន្លឹះមួយទៀតដើម្បីសន្សំសំចៃពេលញ៉ាំអាហារនៅខាងក្រៅគឺការជ្រើសរើសកន្លែងដែលផ្ដល់ជូនអាហារមួយចម្អែតសម្រាប់មនុស្សម្នាក់។ ហេតុអ្វីមិនចែករំលែកម្ហូបអាហារ ឬបង្អែមជាមួយមិត្តភ័ក្តិ? ការញ៉ាំអាហារដាច់ដោយឡែក និងចេញលុយរៀងខ្លួន គឺជាការល្អសម្រាប់ទាំងអស់គ្នា ព្រោះវាធានានូវភាពរីករាយសម្រាប់គ្រប់គ្នា ហើយគ្មាននរណាម្នាក់ត្រូវចេញលុយច្រើន។ ថាមិនត្រូវការធ្វើបែបនេះធ្វើឲ្យអ្នកអាចសល់លុយផឹកកាហ្វេ ឬមើលកុនបន្តទៀតបាន!
ជ្រើសរើសហាងក្នុងស្រុក និងអាហារតាមផ្លូវ
ថ្វីត្បិតតែការញ៉ាំអាហារនៅភោជនីយដ្ឋានធ្វើឲ្យយើងរីករាយក៏ពិតមែន ប៉ុន្តែការញ៉ាំអាហារនៅតាមហាងក្នុងស្រុកធម្មតា និងអាហារតាមចិញ្ចើមថ្នល់ ក៏អាចធ្វើឲ្យអ្នករីករាយបានដែរ។ វាមិនត្រឹមតែមានតម្លៃធូរថ្លៃប៉ុណ្ណោះទេ វាថែមទាំងមានបរិមាណច្រើនដែលអាចឲ្យគ្រប់គ្នាញ៉ាំបានឆ្អែតទៀតផង។ លើកក្រោយ បើអ្នកខ្ជិលចម្អិនអាហារ អ្នកអាចទៅញ៉ាំអាហារ “លក្ខណៈគ្រួសារ” ធម្មតាៗក៏បាន នៅតាមហាងក្នុងស្រុកជាមួយគ្រួសារ ឬមិត្តភ័ក្តិ។
អ្វីៗគ្រប់យ៉ាងនៅក្នុងជីវិតរស់នៅ ការរក្សាតុល្យភាពគឺជារឿងល្អ។ វិធីសាស្ត្រខាងលើ អាចជួយអ្នកឲ្យចំណាយលុយតាមលទ្ធភាព ដោយមិនចាំបាច់ខកខានក្នុងការញ៉ាំអាហារឆ្ងាញ់ៗដែលអ្នកចូលចិត្តនោះទេ។ ឥឡូវ យើងអាចបំបាត់ការឃ្លានរបស់យើងបានដោយការញ៉ាំអាហារនៅតាមហាងដែលយើងចូលចិត្ត និងទៅញ៉ាំអាហារនៅភោជនីយដ្ឋាន ដោយចំណាយប្រាក់តិច។
ការរក្សាតុល្យភាពការចំណាយទៅលើអាហារ គឺជាស្ថានភាពឈ្នះ-ឈ្នះ ដែលធ្វើឲ្យយើងបានញ៉ាំឆ្អែត និងជួយសន្សំសំចៃថវិកាទៀតផង! សូមចែករំលែកគន្លឹះដ៏មានប្រយោជន៍ទាំងនេះជាមួយមិត្តភ័ក្តិ ហើយយើងអាចជួយគ្នាសន្សំសំចៃ នៅពេលទៅញ៉ាំអាហារនៅខាងក្រៅ។
RHB Premier gives you exclusive privileges, expert advice, and tailored services — so you can focus on living well.
RHB offers deposits, loans, and investments designed around you — because we understand your financial needs.
Start, grow, or upgrade your business with RHB Business Loans — tailored financing and expert support to drive your success. / test
RHB Premier gives you exclusive privileges, expert advice, and tailored services — so you can focus on living well.
RHB offers deposits, loans, and investments designed around you — because we understand your financial needs.