វិធីស្វែងរកហិរញ្ញប្បទាន ដើម្បីចាប់ផ្ដើមអាជីវកម្ម
តើអ្នកបានដឹងទេថាប្រទេសកម្ពុជាជាប្រទេសមួយដែលមានកំណើនសេដ្ឋកិច្ចលឿនជាងគេបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ចាប់តាំងពីឆ្នាំ២០១៧ មកម៉្លេះ? នៅក្នុងបរិយាកាសសេដ្ឋកិច្ចប្រកបដោយសក្ដានុពលនាដូចពេលបច្ចុប្បន្ននេះ សហគ្រិនវ័យក្មេងទាំងអស់ នឹងមានឱកាសជាច្រើនក្នុងការចាប់ផ្ដើមអាជីវកម្មដែលអាចរកប្រាក់ចំណេញបានសម្រាប់ពួកគេ។
ប្រសិនបើអ្នកក៏ជាសហគ្រិនវ័យក្មេងមួយរូបក្នុងចំណោមសហគ្រិនវ័យក្មេងជាច្រើនផ្សេងទៀតដែលពោរពេញទៅដោយបំណងប្រាថ្នាខ្ពស់ នោះការចាប់ផ្ដើមអាជីវកម្មរបស់អ្នកប្រហែលជាមិនលំបាកដូចជាអ្វីដែលអ្នកគិតឡើយ ប្រសិនបើអ្នកមានចំណេះដឹង ការតាំងចិត្ត និងធនធាន។ នៅក្នុងអត្ថបទនេះ យើងនឹងធ្វើការពិភាក្សាអំពីទិដ្ឋភាពគន្លឹះមួយក្នុងចំណោមទិដ្ឋភាពគន្លឹះផ្សេងៗនៃការចាប់ផ្ដើមអាជីវកម្មថ្មីថ្មោង និងរបៀបទទួលបានហិរញ្ញប្បទានសម្រាប់ការចាប់ផ្ដើមអាជីវកម្មនោះ។
មានផែនការអាជីវកម្ម
នៅក្នុងខួរក្បាលរបស់យើងម្នាក់ៗ គឺសុទ្ធតែមានគំនិតមួយដែលមានតម្លៃរហូតដល់មួយលានដុល្លារឯណោះ។ ប៉ុន្តែចំណុចសំខាន់គឺ អ្នកត្រូវស្វែងរកគំនិតនោះ ហើយប្រែក្លាយគំនិតនោះឱ្យក្លាយទៅជាការពិត។ ស្ដាប់ទៅដូចជាងាយស្រួលខ្លាំងណាស់មែនទេ? ទោះបីជាអាជីវកម្មទាំងអស់សុទ្ធតែបានចាប់ផ្ដើមឡើងចេញពីការគិតយ៉ាងណាក៏ដោយ ប៉ុន្តែមិនមែនគំនិតទាំងអស់សុទ្ធតែអាចយកទៅធ្វើជាគំរូអាជីវកម្មដែលរកប្រាក់ចំណេញបាននោះទេ? សូមកុំភ្លេចឱ្យសោះអំពីចំណុចនេះ។ ជាដំបូង អ្នកត្រូវកំណត់ថាតើអាជីវកម្មអ្វីដែលអ្នកចង់ចាប់ផ្ដើមបង្កើតឡើង ហើយថាតើចាប់ផ្ដើមវាដោយរបៀបណា? ដូច្នេះ ត្រូវបង្កើតផែនការអាជីវកម្ម។ ផែនការអាជីវកម្មប្រៀបបានដូចជាសៀវភៅណែនាំមួយក្បាល ដែលនឹងជួយឱ្យអ្នកក្នុងការកំណត់រកគំរូអាជីវកម្ម កំណត់គោលដៅទីផ្សារ ដៃគូប្រកួតប្រជែង យុទ្ធសាស្រ្តកំណត់តម្លៃ និងវិធីសាស្រ្តល្អបំផុតក្នុងការផ្គត់ផ្គង់ផលិតផល និងសេវាកម្មរបស់អ្នកជូនអតិថិជនអនាគតរបស់អ្នក។ ប្រសិនបើអ្នកចាប់អារម្មណ៍ក្នុងការសិក្សាអំពីការបង្កើតផែនការអាជីវកម្ម យើងបានសរសេរអត្ថបទអំពីរបៀបក្នុងការបង្កើតផែនការអាជីវកម្មនៅទីនេះ។.
តើដើមទុនចំនួនប៉ុន្មានដែលអ្នកត្រូវសម្រាប់ការចាប់ផ្ដើមអាជីវកម្ម?
ចំណុចគន្លឹះក្នុងការបង្កើតអាជីវកម្មប្រកបដោយភាពជោគជ័យនោះគឺការរៀបចំ។ ជាការសំខាន់ខ្លាំងណាស់ដែលអ្នកត្រូវដឹងថាតើអាជីវកម្មរបស់អ្នកនឹងត្រូវការប្រាក់ចំនួនប៉ុន្មាននៅក្នុងដំណាក់កាលចាប់ផ្ដើមដំបូង។ សូមចងចាំថា អាជីវកម្មភាគច្រើន ចាប់ផ្ដើមត្រូវការចំណាយប្រាក់ចាប់តាំងពី មិនទាន់បានបើកទ្វារស្វាគមន៍អតិថិជនឯណោះ។ ម្យ៉ាងវិញទៀត ទម្រាំតែអ្នកអាចរួចខ្លួន ឬចាប់ផ្ដើមរកបានប្រាក់ចំណេញគឺត្រូវការចំណាយពេលវេលាច្រើនណាស់។ សូមប្រើកូនសៀវភៅនេះដើម្បីជួយអ្នក“គណនាថ្លៃចំណាយក្នុងការចាប់ផ្ដើមអាជីវកម្មដំបូង”។.
មធ្យោបាយក្នុងការទទួលបានហិរញ្ញប្បទាន
ការមានផែនការអាជីវកម្មដ៏រឹងមាំនៅក្នុងដៃ និងការបង្ហាញអំពីដើមទុនដែលត្រូវការសម្រាប់ការចាប់ផ្ដើមអាជីវកម្ម មានន័យថាអ្នកបានត្រៀមខ្លួនរួចជាស្រេចនៅក្នុងការរៃអង្គាសដើមទុនហើយ។ ដោយអាស្រ័យទៅលើទំហំទឹកប្រាក់ដែលអ្នកត្រូវការ និងលក្ខណៈនៃអាជីវកម្មថ្មីរបស់អ្នក ខាងក្រោមនេះយើងសូមផ្ដល់ជូននូវជម្រើសមួយចំនួនសម្រាប់អ្នកធ្វើការពិចារណា។
ស្វ័យហិរញ្ញប្បទាន
ស្វ័យហិរញ្ញប្បទាននេះ ឬហៅម្យ៉ាងទៀតថា ការចាប់ផ្ដើមពីបាតដៃទទេ។ ស្វ័យហិរញ្ញប្បទានជួយឱ្យអ្នកក្នុងការបង្កើនធនធានហិរញ្ញវត្ថុផ្ទាល់ខ្លួនរបស់អ្នកដើម្បីជួយគាំទ្រអាជីវកម្មរបស់អ្នក។ ដូច្នេះ ប្រសិនបើអ្នកត្រូវការដើមទុនសម្រាប់អាជីវកម្មរបស់អ្នកត្រឹម ២,០០០ ដុល្លារអាមេរិកចុះក្រោម វិធីសាស្រ្តល្អបំផុតសម្រាប់អ្នក គឺអាចជាការចាប់ផ្ដើមសន្សំប្រាក់ ឬប្រមូលប្រាក់ពីការលក់ទ្រព្យសម្បត្តិផ្ទាល់ខ្លួនមួយចំនួនដែលមិនសូវសំខាន់។ ទោះបីជាវិធីសាស្រ្តនេះអាចជួយសន្សំមិនអស់ថ្លៃបង់ការប្រាក់ក៏ដោយ សូមកុំភ្លេចថាអ្នកក៏កំពុងតែទទួលយកហានិភ័យហិរញ្ញវត្ថុទាំងអស់ដោយខ្លួនឯងផងដែរ។ សូមមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ដោយមិនត្រូវធ្វើការចំណាយប្រាក់ទៅលើអ្វីដែលហួសពីសមត្ថភាពរបស់អ្នកនោះទេ។
មិត្តភក្តិ និងគ្រួសារ
ប្រសិនបើអ្នកមានសមាជិកក្នុងគ្រួសារ ឬមិត្តភក្តិដែលស្ម័គ្រចិត្តឱ្យអ្នកខ្ចីប្រាក់មួយចំនួន នោះអ្នកអាចរីករាយជាមួយនឹងការបង់ការប្រាក់ជូនពួកគាត់ក្នុងអត្រាទាប (ឬ ពេលខ្លះគឺគ្មានការប្រាក់តែម្ដង!) នៅពេលខ្ចីប្រាក់ពីពួកគាត់។ ទោះជាយ៉ាងណាក៏ដោយ សូមប្រាកដថាអ្នកបានកំណត់រយៈពេលច្បាស់លាស់ ចុះកិច្ចព្រមព្រៀង ហើយប្រាកដថា អ្នកនឹងសងប្រាក់នោះទៅឱ្យពួកគាត់វិញគ្រប់ចំនួន។
ស្នើសុំប្រាក់កម្ចីពីធនាគារ
ប្រសិនបើអាជីវកម្មរបស់អ្នកគឺជាអាជីវកម្មថ្មីថ្មោង អ្នកអាចស្នើសុំប្រាក់កម្ចីផ្ទាល់ខ្លួនពីគ្រឹះស្ថានហិរញ្ញវត្ថុណាមួយបាន។ ប៉ុន្តែប្រសិនបើអាជីវកម្មរបស់អ្នកបានចាប់ផ្ដើមដំណើរការរួចហើយ ហើយអ្នកមានបំណងបង្កើន ឬពង្រីកអាជីវកម្មរបស់អ្នក នោះអ្នកអាចនឹងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់នៅក្នុងការស្នើសុំប្រាក់កម្ចីពិសេសសម្រាប់ពង្រីកអាជីវកម្ម ឬស្នើសុំប្រាក់កម្ចីសហគ្រាសធុនតូច និងមធ្យម (SME) ពីធនាគាររបស់អ្នកបាន។
នៅពេលស្នើសុំប្រាក់កម្ចីពីធនាគារ អ្នកត្រូវបានតម្រូវឱ្យដាក់ទ្រព្យបញ្ចាំមួយចំនួន ដូចជាប្លង់អចលនទ្រព្យ ឬវិញ្ញាបនបត្របញ្ជាក់កម្មសិទ្ធិហាង ជាដើម។ ជម្រើសមួយទៀត អ្នកក៏អាចធ្វើការធានាលើប្រាក់កម្ចីរបស់អ្នកបានតាមរយៈការមានសហហត្ថលេខី ឬអ្នកធានា ដែលយល់ព្រមទទួលខុសត្រូវ ប្រសិនបើអ្នកមានការល្មើសនឹងលក្ខខណ្ឌនៃកិច្ចសន្យាផ្ដល់ប្រាក់កម្ចីរបស់អ្នកផងដែរ។
ស្វែងរកវិនិយោគិនឯកជន ឬក្រុមហ៊ុនវិនិយោគ
ក្នុងរយៈពេលប៉ុនា្មនឆ្នាំចុងក្រោយនេះ អ្នកអាចមើលឃើញអំពីកំណើន “វិនិយោគិនឯកជន” ជាច្រើននៅក្នុងប្រទេសកម្ពុជា។ វិនិយោគិនឯកជន (Angel investors) ទាំងនោះគឺជាអ្នកមានទ្រព្យសម្បត្តិស្ដុកស្ដម្ភ ដែលវិនិយោគប្រាក់របស់ពួកគេចូលទៅក្នុងក្រុមហ៊ុនដែលទើបតែបង្កើតថ្មីថ្មោង។ ចំណែកឯក្រុមហ៊ុនវិនិយោគ (VC) គឺជាក្រុមហ៊ុនដែលមានជំនាញឯកទេសនៅក្នុងការវិនិយោគ និងផ្ដល់ការណែនាំជូនក្រុមហ៊ុនដែលទើបបង្កើតថ្មីទាំងនោះ។ នៅក្នុងករណីទាំងពីរនេះ ភាគច្រើនអ្នកនឹងទទួលបានមូលនិធិជាថ្នូរនឹងការផ្ដល់មូលធន ចំណែកកម្មសិទ្ធិនៅក្នុងក្រុមហ៊ុនរបស់អ្នក ឬក៏ទទួលបានចំណែកភាគរយណាមួយពីប្រាក់ចំណេញរបស់អ្នក។
វិធីសាស្រ្តបែបកម្សាន្តក្នុងការបង្កើនចំណេះដឹងអំពីពិភពវិនិយោគទុន គឺការមើលកម្មវិធីទូរទស្សន៍ ដូចជា កម្មវិធី Shark Tank (សហរដ្ឋអាមេរិក ) ឬកម្មវិធី Dragons’ Den (ចក្រភពអង់គ្លេស)។ សូមធ្វើការស្រាវជ្រាវនៅលើអុីនធើណិតដើម្បីស្វែងរកឱកាសទទួលបានការវិយោគទុននៅក្នុងស្រុក និងដើម្បីស្វែងយល់អំពីក្រុមហ៊ុន VC ដូចជាOoctaneដែលបាន និងកំពុងធ្វើការវិនិយោគទៅលើក្រុមហ៊ុនចាប់ផ្ដើមថ្មីថ្មោងនៅក្នុងប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ២០១៨។
ប្រើប្រាស់ប្រាក់របស់អ្នកប្រកបដោយភាពឈ្លាសវៃ
នៅពេលអ្នកអាចធានាបាននូវហិរញ្ញប្បទានសម្រាប់អាជីវកម្មប្រកបដោយភាពរឹងមាំហើយ (សូមអបអរសាទរ!) ជំហានបន្ទាប់ដ៏សំខាន់នោះ គឺការធានាថាអ្នកប្រើប្រាស់ប្រាក់របស់អ្នកប្រកបដោយភាពឈ្លាសវៃ និងស្របតាមផែនការអាជីវកម្មរបស់អ្នកដែលបានបង្ហាញជូនវិនិយោគិន ឬធនាគាររបស់អ្នក។ ហើយត្រូវប្រាកដថាអ្នកបានសងប្រាក់កម្ចីរបស់អ្នកបានឱ្យទាន់ពេលវេលាកំណត់ បើមិនដូច្នោះទេអ្នកនឹងត្រូវបង់ថ្លៃពិន័យសម្រាប់ការទូទាត់យឺត ហើយនឹងប៉ះពាល់ដល់ពិន្ទុសម្រាប់ភាពជឿទុកចិត្តមកលើអាជីវកម្មរបស់អ្នកជាក់ជាមិនខាន។
សម្រាប់ព័ត៌មានបន្ថែមអំពីការចាប់ផ្ដើមអាជីវកម្ម ឬការសងប្រាក់កម្ចី សូមអានអត្ថបទពាក់ព័ន្ធរបស់យើងនៅខាងក្រោមនេះ។ ដូចសព្វដងដែរ យើងសូមជូនពរឲ្យអាជីវកម្មរបស់អ្នក និងការវិនិយោគហិរញ្ញវត្ថុរបស់អ្នកទទួលបានជោគជ័យ។
RHB Premier gives you exclusive privileges, expert advice, and tailored services — so you can focus on living well.
RHB offers deposits, loans, and investments designed around you — because we understand your financial needs.
Start, grow, or upgrade your business with RHB Business Loans — tailored financing and expert support to drive your success. / test
RHB Premier gives you exclusive privileges, expert advice, and tailored services — so you can focus on living well.
RHB offers deposits, loans, and investments designed around you — because we understand your financial needs.