លក្ខខណ្ឌ និង ខចែង
១. សេចក្តីផ្តើម
សូមស្វាគមន៍មកកាន់ goWave by RHB ដែលជាសេវាធនាគារឌីជីថលផ្តល់ជូនដោយ ធនាគារ អ អេច ប៊ី (ខេមបូឌា) ភីអិលស៊ី។
លក្ខខណ្ឌ និងកិច្ចព្រមព្រៀងទាំងនេះ ("លក្ខខណ្ឌ") គ្រប់គ្រងការប្រើប្រាស់សេវាកម្មរបស់យើងខ្ញុំដោយលោកអ្នក ដូច្នេះសូមអានដោយយកចិត្តទុកដាក់។
តាមរយៈការបើកគណនីជាមួយយើងខ្ញុំ ការចូលប្រើគេហទំព័រ ឬកម្មវិធីទូរស័ព្ទរបស់យើង ឬការប្រើប្រាស់ផលិតផល និងសេវាកម្មណាមួយរបស់យើង លោកអ្នកយល់ព្រមគោរពតាមលក្ខខណ្ឌទាំងនេះ គោលការណ៍ឯកជនភាពរបស់យើង និងច្បាប់ ព្រមទាំងបទប្បញ្ញត្តិជាធរមានទាំងអស់នៃព្រះរាជាណាចក្រកម្ពុជា រួមទាំង ប៉ុន្តែមិនកំណត់ត្រឹម បទប្បញ្ញត្តិដែលចេញដោយ ធនាគារជាតិនៃកម្ពុជា (NBC) ច្បាប់ស្តីពីការការពារទិន្នន័យឯកជនដែលអនុវត្ត និងអាជ្ញាធរពាក់ព័ន្ធផ្សេងទៀត។
សូមកត់សម្គាល់ថា ការប្រើប្រាស់ផលិតផល និងសេវាកម្មផ្សេងៗ ដែលផ្តល់ដោយ ធនាគារ អ អេច ប៊ី (ខេមបូឌា) ភីអិលស៊ី អាចស្ថិតក្រោមលក្ខខណ្ឌ និងកិច្ចព្រមព្រៀងបន្ថែម ព្រមទាំងគោលនយោបាយ នីតិវិធី និង/ឬបទបញ្ជារបស់ធនាគារ។
២. ទំនាក់ទំនងមកយើងខ្ញុំ
ប្រសិនបើលោកអ្នកមានសំណួរ ឬកង្វល់ណាមួយ លោកអ្នកអាចទាក់ទងមកយើងខ្ញុំតាមរយៈព័ត៌មានខាងក្រោម៖
ទូរសព្ទ៖ +៨៥៥ ២៣ ៩៩២៨៣៣
លេខឥតគិតថ្លៃ៖ ១៨០០ ២០ ៨១១៨
អ៊ីមែល៖ [email protected]
សម្រាប់ព័ត៌មានបន្ថែមអំពីផលិតផល និងសេវាកម្មរបស់យើងខ្ញុំ សូមចូលទៅកាន់គេហទំព័ររបស់ ធនាគារ អ អេច ប៊ី (ខេមបូឌា) ភីអិលស៊ី។
៣. តើអ្នកណាអាចប្រើ goWave by RHB?
ដើម្បីប្រើប្រាស់ goWave by RHB លោកអ្នកត្រូវមានអាយុចាប់ពី 18 ឆ្នាំឡើងទៅ និងមានគណនីជាមួយ ធនាគារ អ អេច ប៊ី (ខេមបូឌា) ភីអិលស៊ី។
យើងខ្ញុំនឹងស្នើសុំព័ត៌មានមួយចំនួនពីលោកអ្នក ដើម្បីផ្ទៀងផ្ទាត់ថា ពិតជាលោកអ្នកមែន ដូចជា អត្តសញ្ញាណប័ណ្ណជាតិ ព័ត៌មានអត្តសញ្ញាណ និងរូបថតសែលហ្វី (Selfie) របស់លោកអ្នក។
ជាប្រចាំម្តងម្កាល យើងខ្ញុំអាចត្រូវការព័ត៌មានបន្ថែមពីលោកអ្នក។ ការស្នើសុំនេះអាចធ្វើឡើងសម្រាប់គោលបំណងផ្លូវច្បាប់ ការស្គាល់អតិថិជន (KYC) ការត្រួតពិនិត្យអតិថិជនបន្ថែម (ECDD) ការរក្សាសុវត្ថិភាព ឬដើម្បីផ្តល់សិទ្ធិចូលប្រើមុខងារថ្មីៗ។
លោកអ្នកត្រូវធានាថា ព័ត៌មានដែលផ្តល់ឱ្យយើងខ្ញុំមានភាពត្រឹមត្រូវ ពេញលេញ និងទាន់សម័យជានិច្ច ហើយត្រូវជូនដំណឹងមកយើងខ្ញុំ ប្រសិនបើមានការផ្លាស់ប្តូរ ឬការធ្វើបច្ចុប្បន្នភាពព័ត៌មានទាំងនោះជាប្រចាំ។
៤. ការប្រើប្រាស់ goWave by RHB
នៅពេលដែលលោកអ្នកបានចូលប្រើប្រាស់កម្មវិធីដោយជោគជ័យ នោះមានន័យថា លោកអ្នកបានផ្តល់សិទ្ធិឱ្យយើងខ្ញុំអនុវត្តតាមការណែនាំរបស់លោកអ្នកតាមរយៈកម្មវិធី។ ការណែនាំទាំងនេះរួមមាន ប៉ុន្តែមិនកំណត់ត្រឹម ការផ្ទេរប្រាក់ ការទូទាត់វិក្កយបត្រ និងសេវាកម្មផ្សេងៗទៀត។
ការដំណើរការប្រតិបត្តិការរបស់លោកអ្នក៖ ជួនកាល យើងខ្ញុំអាចត្រូវការពេលបន្ថែមបន្តិច ដើម្បីពិនិត្យ និងផ្ទៀងផ្ទាត់ប្រតិបត្តិការមួយ មុនពេលបញ្ចប់ប្រតិបត្តិការនោះ។ ករណីនេះអាចកើតឡើងដោយសារតែការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ផ្នែកសុវត្ថិភាព តម្រូវការរបស់ធនាគារអន្តរការី ឬដើម្បីអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន។ យើងខ្ញុំនឹងជូនដំណឹងដល់លោកអ្នក ប្រសិនបើមានការពន្យារពេលណាមួយ។
ការរក្សាសុវត្ថិភាពគណនីរបស់លោកអ្នក ក៏ជាការទទួលខុសត្រូវរបស់លោកអ្នកផងដែរ។ ប្រសិនបើបុគ្គលផ្សេងទៀតប្រើប្រាស់ព័ត៌មានចូលប្រើប្រាស់របស់លោកអ្នក ដើម្បីធ្វើប្រតិបត្តិការដោយគ្មានការអនុញ្ញាត នោះលោកអ្នកនឹងត្រូវទទួលខុសត្រូវចំពោះប្រតិបត្តិការទាំងនោះ លុះត្រាតែលោកអ្នកបានអនុវត្តតាមវិធានការសុវត្ថិភាពទាំងអស់ដែលមានចែងក្នុងលក្ខខណ្ឌទាំងនេះ។
ផ្លាស់ប្តូរចិត្តអំពីប្រតិបត្តិការមែនទេ? ជាទូទៅ បន្ទាប់ពីលោកអ្នកបានដាក់ស្នើសំណើផ្ទេរប្រាក់ ឬទូទាត់វិក្កយបត្ររួចហើយ លោកអ្នកមិនអាចលុបចោល ឬកែប្រែប្រតិបត្តិការនោះបានទេ។ ទោះជាយ៉ាងណា ក្នុងករណីខ្លះ យើងខ្ញុំអាចជួយលោកអ្នកបាន។ សូមទាក់ទងមកយើងខ្ញុំ ហើយយើងខ្ញុំនឹងពិនិត្យមើលថាតើយើងអាចជួយបានកម្រិតណា។
សូមជូនដំណឹងមកយើងខ្ញុំ ប្រសិនបើមានអ្វីមួយមិនប្រក្រតី។ ប្រសិនបើលោកអ្នកសង្កេតឃើញសកម្មភាពមិនប្រក្រតី ឬគួរឱ្យសង្ស័យណាមួយលើគណនីរបស់លោកអ្នក ព័ត៌មានមិនពេញលេញ ឬមានអ្វីផ្សេងទៀតដែលមិនត្រឹមត្រូវ សូមទាក់ទងមកយើងខ្ញុំភ្លាមៗ។
យើងខ្ញុំខិតខំធ្វើឱ្យប្រតិបត្តិការរបស់លោកអ្នកប្រព្រឹត្តទៅដោយរហ័ស និងមានសុវត្ថិភាព ប៉ុន្តែក្នុងករណីខ្លះ ប្រតិបត្តិការអាចចំណាយពេលយូរជាងការរំពឹងទុក ឬអាចមិនទទួលបានជោគជ័យ ដោយសារមូលហេតុផ្សេងៗ រួមទាំងការផ្តល់ព័ត៌មានមិនត្រឹមត្រូវដោយអចេតនា។ ក្នុងករណីទាំងនេះ យើងខ្ញុំមិនទទួលខុសត្រូវចំពោះការពន្យារពេល ការបរាជ័យនៃប្រតិបត្តិការ ឬការខាតបង់ណាមួយដែលអាចកើតមានឡើយ។
ជួនកាល យើងខ្ញុំអាចសហការជាមួយក្រុមហ៊ុន ឬស្ថាប័នផ្សេងៗ ដើម្បីជួយបំពេញប្រតិបត្តិការមួយចំនួន។ ដៃគូទាំងនោះអាចមានបទប្បញ្ញត្តិ ច្បាប់ និងវិធានការអនុវត្តផ្ទាល់ខ្លួនរបស់ពួកគេ។ ទោះបីជាយើងខ្ញុំខិតខំជ្រើសរើសដៃគូដែលគួរឱ្យទុកចិត្តក៏ដោយ យើងខ្ញុំមិនអាចទទួលខុសត្រូវចំពោះបញ្ហាណាមួយដែលបណ្តាលមកពីពួកគេ ដូចជាការពន្យារពេល ឬការបាត់បង់ទឹកប្រាក់ដែលអាចកើតមានឡើយ។
goWave by RHB ត្រូវបានរចនាឡើងសម្រាប់តម្រូវការធនាគារប្រចាំថ្ងៃរបស់លោកអ្នក។ ដើម្បីធានាថាប្រព័ន្ធដំណើរការបានរលូន និងមានសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់ទាំងអស់ សូមប្រើប្រាស់កម្មវិធីនេះដោយទទួលខុសត្រូវ និងអនុលោមតាមលក្ខខណ្ឌ និងកិច្ចព្រមព្រៀងទាំងនេះ ព្រមទាំងច្បាប់ជាធរមានទាំងអស់។ នេះមានន័យថា លោកអ្នកត្រូវប្រើប្រាស់ goWave by RHB សម្រាប់គោលបំណងដែលបានកំណត់ និងស្របច្បាប់ប៉ុណ្ណោះ ដូចជា ការផ្ទេរប្រាក់ ការទូទាត់វិក្កយបត្រ ការត្រួតពិនិត្យសមតុល្យគណនី និងមុខងារផ្សេងៗដែលផ្តល់ដោយធនាគារ។ លោកអ្នកត្រូវជៀសវាងសកម្មភាពណាមួយដែលអាចរំខានដល់ដំណើរការរបស់កម្មវិធី ឬប្រព័ន្ធដែលគាំទ្រកម្មវិធីនេះ។ នេះរួមមានការព្យាយាមចូលប្រើគណនី ឬព័ត៌មានដែលមិនមែនជាកម្មសិទ្ធិរបស់លោកអ្នក។ ព័ត៌មានដែលមាននៅក្នុង goWave by RHB ក៏មិនត្រូវបានកែប្រែដែរ ហើយលោកអ្នកមិនអាចចម្លង ឬចែកចាយព័ត៌មានទាំងនោះដោយគ្មានការអនុញ្ញាតពីយើងខ្ញុំបានទេ។
៥. ការចូលប្រើ goWave by RHB
ការចាប់ផ្តើមប្រើប្រាស់ goWave by RHB គឺមានភាពងាយស្រួល។ មិនថាលោកអ្នកជាអតិថិជនបច្ចុប្បន្ន ឬជាអតិថិជនថ្មីរបស់ ធនាគារ អ អេច ប៊ី (ខេមបូឌា) ភីអិលស៊ី នោះទេ លោកអ្នកអាចចុះឈ្មោះ និងបើកគណនីដោយផ្ទាល់តាមរយៈកម្មវិធី goWave by RHB។ បន្ទាប់ពីបានចុះឈ្មោះរួច លោកអ្នកអាចចូលប្រើប្រាស់ដោយសុវត្ថិភាពតាមរយៈឈ្មោះអ្នកប្រើប្រាស់ (Username) និងពាក្យសម្ងាត់ (Password) របស់លោកអ្នក។ កម្មវិធីក៏អនុញ្ញាតឱ្យលោកអ្នកកំណត់ និងប្រើប្រាស់ការផ្ទៀងផ្ទាត់អត្តសញ្ញាណតាមជីវមាត្រ (Biometric Authentication) ដូចជាស្នាមម្រាមដៃ (Fingerprint) ឬ Face ID សម្រាប់ការចូលប្រើប្រាស់កាន់តែលឿនផងដែរ។
យើងខ្ញុំយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះសុវត្ថិភាពនៅ ធនាគារ អ អេច ប៊ី (ខេមបូឌា) ភីអិលស៊ី ហើយប្រើប្រាស់វិធានការសន្តិសុខទំនើបៗ ដើម្បីការពារព័ត៌មានរបស់លោកអ្នក។ ទោះជាយ៉ាងណាក៏ដោយ ការសហការរបស់លោកអ្នកក៏មានសារៈសំខាន់ផងដែរ។ ដើម្បីរក្សាគណនីរបស់លោកអ្នកឱ្យមានសុវត្ថិភាព សូមចងចាំថា មិនត្រូវចែករំលែកព័ត៌មានចូលប្រើប្រាស់របស់លោកអ្នក (ឈ្មោះអ្នកប្រើប្រាស់ ពាក្យសម្ងាត់ ឬ PIN) ជាមួយនរណាម្នាក់ឡើយ ត្រូវប្រុងប្រយ័ត្នមិនទុកឧបករណ៍ចល័តរបស់លោកអ្នកចោល ខណៈពេលដែលបានចូលប្រើកម្មវិធីរួច ហើយត្រូវទាក់ទងមកយើងខ្ញុំជាបន្ទាន់ ប្រសិនបើលោកអ្នកសង្ស័យថាមានការប្រើប្រាស់ដោយគ្មានការអនុញ្ញាត និង/ឬមានប្រតិបត្តិការគួរឱ្យសង្ស័យ។
លោកអ្នកជាអ្នកទទួលខុសត្រូវទាំងស្រុងក្នុងការរក្សាការសម្ងាត់ និងសុវត្ថិភាពនៃព័ត៌មានចូលប្រើប្រាស់គណនីរបស់លោកអ្នក (រួមមាន ឈ្មោះអ្នកប្រើប្រាស់ ពាក្យសម្ងាត់ និង PIN)។ លោកអ្នកយល់ព្រមថា ការចូលប្រើប្រាស់ ឬការប្រើប្រាស់សេវាកម្មណាមួយតាមរយៈគណនីរបស់លោកអ្នក នឹងត្រូវចាត់ទុកថាជាការអនុញ្ញាតដោយលោកអ្នក ហើយលោកអ្នកទទួលខុសត្រូវពេញលេញចំពោះប្រតិបត្តិការ សកម្មភាព និងកាតព្វកិច្ចទាំងអស់ដែលកើតឡើងក្រោមព័ត៌មានចូលប្រើប្រាស់របស់លោកអ្នក។
ប្រសិនបើលោកអ្នកសង្ស័យ ឬដឹងថាមានការប្រើប្រាស់គណនីដោយគ្មានការអនុញ្ញាត ឬមានការបំពានផ្នែកសន្តិសុខ លោកអ្នកត្រូវជូនដំណឹងមកយើងខ្ញុំជាបន្ទាន់។ យោងតាមច្បាប់ លោកអ្នកនៅតែទទួលខុសត្រូវចំពោះប្រតិបត្តិការ និងការខូចខាតទាំងអស់ដែលកើតឡើង មុនពេលយើងខ្ញុំទទួល និងដំណើរការការជូនដំណឹងនោះជាក់ស្តែង លុះត្រាតែលោកអ្នកអាចបង្ហាញភស្តុតាងច្បាស់លាស់ថា បានអនុវត្តតាមវិធានការសុវត្ថិភាពទាំងអស់ដែលមានចែងក្នុងលក្ខខណ្ឌទាំងនេះយ៉ាងតឹងរឹង។
ស្រទាប់សុវត្ថិភាពបន្ថែមមួយត្រូវបានអនុវត្តរាល់ពេលដែលលោកអ្នកធ្វើប្រតិបត្តិការតាមរយៈកម្មវិធីទូរស័ព្ទ។ លោកអ្នកអាចត្រូវបានស្នើឱ្យផ្ទៀងផ្ទាត់ប្រតិបត្តិការតាមរយៈលេខសម្ងាត់ប្រើតែម្តង (OTP) ដែលផ្ញើទៅកាន់លេខទូរស័ព្ទដែលបានចុះបញ្ជីរបស់លោកអ្នក ឬតាមរយៈការអនុម័តប្រតិបត្តិការដោយផ្ទាល់ តាមសារជូនដំណឹង (Notification) ដែលផ្ញើទៅកាន់ឧបករណ៍របស់លោកអ្នក។
ទោះបីជាកម្មវិធីធនាគារចល័តមួយចំនួនអនុញ្ញាតឱ្យអ្នកប្រើប្រាស់កំណត់ដែនកំណត់ប្រតិបត្តិការដោយផ្ទាល់នៅក្នុងកម្មវិធីក៏ដោយ បច្ចុប្បន្នមុខងារនេះមិនទាន់មាននៅក្នុង goWave by RHB នៅឡើយទេ។ ប្រសិនបើលោកអ្នកចង់កំណត់ ឬផ្លាស់ប្តូរដែនកំណត់ប្រតិបត្តិការរបស់លោកអ្នក សូមទាក់ទងផ្នែកបម្រើអតិថិជនរបស់យើងខ្ញុំ ឬអញ្ជើញទៅកាន់សាខាធនាគារណាមួយ។
៦. កម្រៃសេវា និងការគិតថ្លៃ
យើងខ្ញុំមិនគិតកម្រៃសេវាប្រចាំខែ ឬប្រចាំឆ្នាំសម្រាប់ការប្រើប្រាស់កម្មវិធីនេះឡើយ។ ទោះជាយ៉ាងណា យើងខ្ញុំអាចគិតកម្រៃសេវាសម្រាប់ប្រតិបត្តិការ ឬសេវាកម្មមួយចំនួន។ យើងខ្ញុំនឹងបង្ហាញកម្រៃសេវាទាំងនោះជូនលោកអ្នកជាមុន មុនពេលលោកអ្នកបញ្ចប់ប្រតិបត្តិការ ឬទទួលសេវាកម្មនោះ ហើយលោកអ្នកយល់ព្រមបង់កម្រៃសេវាទាំងនោះនៅពេលដល់កំណត់។ លោកអ្នកក៏យល់ព្រមបង់រាល់កម្រៃសេវា ឬការគិតថ្លៃដែលកំណត់ដោយភាគីទីបី ដែលពាក់ព័ន្ធនឹងការប្រើប្រាស់កម្មវិធីនេះផងដែរ។
សម្រាប់គោលបំណងសន្តិសុខ និងការគ្រប់គ្រងហានិភ័យ ដែនកំណត់ប្រតិបត្តិការអាចត្រូវបានអនុវត្តចំពោះប្រតិបត្តិការដែលធ្វើឡើងតាមរយៈកម្មវិធីធនាគារចល័ត។ សូមយោងទៅកាន់ទំព័រ ដែនកំណត់ប្រតិបត្តិការ (Transaction Limits) សម្រាប់ព័ត៌មានលម្អិត។ យើងខ្ញុំរក្សាសិទ្ធិក្នុងការកែប្រែដែនកំណត់ទាំងនេះពីពេលមួយទៅពេលមួយ តាមឆន្ទានុសិទ្ធិរបស់យើងខ្ញុំ និងស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន។
៧. ការបិទគណនីរបស់លោកអ្នក
លោកអ្នកអាចបិទគណនី goWave by RHB របស់លោកអ្នកបានគ្រប់ពេល ដោយជូនដំណឹងមកយើងខ្ញុំ។ យើងខ្ញុំនឹងបិទគណនីរបស់លោកអ្នកឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ប៉ុន្តែអាចមានការពន្យារពេលបន្តិច ប្រសិនបើយើងខ្ញុំត្រូវការបញ្ចប់ប្រតិបត្តិការ ឬដោះស្រាយសមតុល្យដែលនៅសេសសល់ក្នុងគណនីរបស់លោកអ្នកជាមុនសិន។ លោកអ្នកនៅតែត្រូវទទួលខុសត្រូវចំពោះកម្រៃសេវា ការគិតថ្លៃ ឬកាតព្វកិច្ចផ្សេងៗដែលជំពាក់ធនាគារ មុនពេលបិទគណនី។
ប្រសិនបើលោកអ្នកជ្រើសរើសបិទប្រាក់បញ្ញើមានកាលកំណត់ (FD) តាមរយៈកម្មវិធី goWave by RHB នេះគឺជាចំណុចសំខាន់ដែលលោកអ្នកគួរដឹង៖
• ការប្រើប្រាស់កម្មវិធីដើម្បីបិទប្រាក់បញ្ញើមានកាលកំណត់ (FD) នឹងធ្វើឱ្យវិញ្ញាបនបត្រ FD ជាលិខិតរូបវន្តទាំងអស់ត្រូវបានលុបចោលដោយស្វ័យប្រវត្តិ។ បន្ទាប់ពីការបិទ FD ត្រូវបានអនុវត្តរួច វិញ្ញាបនបត្ររូបវន្តនោះនឹងលែងមានសុពលភាពទៀតហើយ។
• បន្ទាប់ពីលោកអ្នកបានប្រើកម្មវិធីសម្រាប់ការបិទ FD រួចហើយ លោកអ្នកមិនអាចប្រើវិញ្ញាបនបត្រ FD ជាលិខិតរូបវន្តសម្រាប់ប្រតិបត្តិការបន្ថែមណាមួយនៅសាខាណាមួយរបស់ ធនាគារ អ អេច ប៊ី (ខេមបូឌា) ភីអិលស៊ី បានទៀតទេ។ ការទាមទារណាមួយដែលធ្វើឡើងដោយប្រើវិញ្ញាបនបត្រដែលត្រូវបានលុបចោល នឹងមិនត្រូវបានទទួលស្គាល់ឡើយ។
• លោកអ្នកនឹងទទួលបានការបញ្ជាក់តាមរយៈកម្មវិធី នៅពេលការបិទ FD ទទួលបានជោគជ័យ។ ការបញ្ជាក់នេះនឹងមានអាទិភាពលើវិញ្ញាបនបត្រ FD ជាលិខិតរូបវន្តទាំងអស់។
• ក្នុងករណីមានវិវាទពាក់ព័ន្ធនឹងការបិទ FD តាមរយៈកម្មវិធី កំណត់ត្រាឌីជីថលរបស់ធនាគារនឹងត្រូវចាត់ទុកជាភស្តុតាងចុងក្រោយ និងមានអានុភាពអនុវត្តជាកាតព្វកិច្ច។
ក្នុងករណីមួយចំនួន លោកអ្នកយល់ព្រមឱ្យធនាគារធ្វើការបិទគណនី ទប់ស្កាត់ទឹកប្រាក់មួយផ្នែក ឬទាំងស្រុង និង/ឬ បង្កកគណនីរបស់លោកអ្នក ឬបញ្ចប់លក្ខខណ្ឌ និងកិច្ចព្រមព្រៀងទាំងនេះ។ យើងខ្ញុំអាចអនុវត្តវិធានការទាំងនេះដោយសារហេតុផលដូចខាងក្រោម៖
• ប្រសិនបើយើងខ្ញុំសង្ស័យថាមានសកម្មភាពគួរឱ្យសង្ស័យលើគណនីរបស់លោកអ្នក ដែលអាចបង្កហានិភ័យផ្នែកសន្តិសុខ។
• ប្រសិនបើលោកអ្នកបានរំលោភលើលក្ខខណ្ឌណាមួយក្នុងកិច្ចព្រមព្រៀងនេះ ឬច្បាប់ជាធរមាន។
• ប្រសិនបើគណនីរបស់លោកអ្នកគ្មានសកម្មភាពក្នុងរយៈពេលយូរ។
• ប្រសិនបើយើងខ្ញុំសម្រេចបញ្ឈប់ការផ្តល់សេវា goWave by RHB ទាំងស្រុង។
• ប្រសិនបើមានសមតុល្យដែលកំពុងស្ថិតក្រោមវិវាទ និង/ឬ ការស៊ើបអង្កេត។
ប្រសិនបើយើងខ្ញុំបិទគណនីរបស់លោកអ្នក ឬលក្ខខណ្ឌ និងកិច្ចព្រមព្រៀងទាំងនេះត្រូវបានបញ្ចប់ លោកអ្នកនឹងមិនអាចចូលប្រើប្រាស់ goWave by RHB បានទៀតទេ។ យើងខ្ញុំក៏មិនអាចអនុវត្តតាមការណែនាំនានាដែលលោកអ្នកផ្ញើមកបន្ទាប់ពីការបញ្ចប់នោះដែរ។ ទោះជាយ៉ាងណា លោកអ្នកនៅតែទទួលខុសត្រូវចំពោះកម្រៃសេវា ឬការគិតថ្លៃទាំងឡាយដែលកើតមានមុនការបញ្ចប់។
ប្រសិនបើយើងខ្ញុំធ្វើការទប់ស្កាត់ទឹកប្រាក់ណាមួយនៅក្នុងគណនីរបស់លោកអ្នក ទឹកប្រាក់ដែលត្រូវបានទប់ស្កាត់នោះ នឹងមិនអាចធ្វើការផ្ទេរ និង/ឬ ដកប្រាក់បានឡើយ ក្នុងអំឡុងពេលនៃការទប់ស្កាត់។
ប្រសិនបើយើងខ្ញុំធ្វើការបង្កកគណនីរបស់លោកអ្នក គណនីនោះនឹងត្រូវបានដាក់កម្រិតមិនឲ្យធ្វើប្រតិបត្តិការដកប្រាក់ ឬកាត់ទឹកប្រាក់ចេញពីសមតុល្យ ស្របតាមការណែនាំនៃច្បាប់ និងបទប្បញ្ញត្តិជាធរមាន។
លោកអ្នកយល់ថា យើងខ្ញុំមិនទទួលខុសត្រូវចំពោះបញ្ហា ឬការខាតបង់ណាមួយដែលលោកអ្នកអាចទទួលរង ដោយសារគណនីរបស់លោកអ្នកត្រូវបានបិទ ទប់ស្កាត់ បង្កក ឬដោយសារការបញ្ចប់លក្ខខណ្ឌ និងកិច្ចព្រមព្រៀងទាំងនេះឡើយ។
គណនីរបស់លោកអ្នកនឹងត្រូវបានចាត់ថ្នាក់ជា "គណនីអសកម្ម (Dormant)" ប្រសិនបើលោកអ្នកមិនបានធ្វើប្រតិបត្តិការណាមួយ (ដូចជា ការផ្ទេរប្រាក់ ការដាក់ប្រាក់ ឬការទូទាត់) ក្នុងរយៈពេល 12 ខែជាប់ៗគ្នា។ សកម្មភាពដែលកើតឡើងដោយស្វ័យប្រវត្តិពីប្រព័ន្ធ ដូចជាការបញ្ចូលការប្រាក់ ឬការកាត់កម្រៃសេវា មិនត្រូវបានចាត់ទុកជាសកម្មភាពគណនីឡើយ។
ដើម្បីការពារសុវត្ថិភាព និងទប់ស្កាត់ការចូលប្រើប្រាស់ដោយគ្មានការអនុញ្ញាត នៅពេលគណនីរបស់លោកអ្នកត្រូវបានចាត់ទុកថាជាគណនីអសកម្ម សមត្ថភាពក្នុងការផ្ទេរប្រាក់ចេញ ការទូទាត់វិក្កយបត្រ ឬការទូទាត់តាម QR Code តាមរយៈ goWave by RHB នឹងត្រូវបានផ្អាកជាបណ្តោះអាសន្ន។
ធនាគាររក្សាសិទ្ធិក្នុងការគិតកម្រៃសេវាលើគណនីអសកម្ម ដែលនឹងត្រូវកាត់ដោយផ្ទាល់ពីសមតុល្យគណនីរបស់លោកអ្នក ស្របតាមតារាងកម្រៃសេវារបស់ធនាគារ។
ដើម្បីការពារមូលនិធិរបស់លោកអ្នក លោកអ្នកមិនអាចស្នើសុំដំណើរការគណនីអសកម្មឡើងវិញតាមរយៈ goWave by RHB បានទេ។ លោកអ្នកត្រូវអញ្ជើញទៅកាន់សាខាណាមួយរបស់ធនាគារដោយផ្ទាល់ និងភ្ជាប់មកជាមួយអត្តសញ្ញាណប័ណ្ណជាតិ ឬលិខិតឆ្លងដែនដែលមានសុពលភាព និងមិនទាន់ផុតកំណត់ ដើម្បីផ្ទៀងផ្ទាត់អត្តសញ្ញាណ និងដោះសោគណនីរបស់លោកអ្នក។
ប្រសិនបើគណនីមួយនៅតែអសកម្មទាំងស្រុងក្នុងរយៈពេល 10 ឆ្នាំជាប់ៗគ្នា គណនីនោះនឹងត្រូវបានបិទ ហើយសមតុល្យដែលនៅសេសសល់នឹងត្រូវផ្ទេរទៅ ធនាគារជាតិនៃកម្ពុជា (NBC) ស្របតាមតម្រូវការរបស់ច្បាប់។
៨. ការទំនាក់ទំនង
តាមរយៈការប្រើប្រាស់សេវាកម្មរបស់យើងខ្ញុំ លោកអ្នកយល់ព្រមទទួលការទំនាក់ទំនងតាមប្រព័ន្ធអេឡិចត្រូនិកពីយើងខ្ញុំ។ ការទំនាក់ទំនងទាំងនេះអាចរួមមានព័ត៌មានអំពីគណនីរបស់លោកអ្នក ប្រតិបត្តិការ ការជូនដំណឹងផ្នែកសន្តិសុខ ការធ្វើបច្ចុប្បន្នភាព ការផ្តល់ជូនពិសេស និងកម្មវិធីប្រូម៉ូសិនផ្សេងៗ។
លោកអ្នកអាចជ្រើសរើសមិនទទួលការទំនាក់ទំនងមួយចំនួនបាន ប៉ុន្តែលោកអ្នកមិនអាចបដិសេធមិនទទួលការទំនាក់ទំនងសំខាន់ៗដែលទាក់ទងនឹងគណនីរបស់លោកអ្នក ឬសេវាកម្មរបស់យើងខ្ញុំបានទេ។ លោកអ្នកក៏យល់ព្រមរក្សាព័ត៌មានទំនាក់ទំនងរបស់លោកអ្នកឱ្យមានភាពត្រឹមត្រូវ និងទាន់សម័យជានិច្ច ហើយត្រូវជូនដំណឹងមកយើងខ្ញុំអំពីការផ្លាស់ប្តូរណាមួយ។
៩. ឯកជនភាព
យើងខ្ញុំគោរពសិទ្ធិឯកជនភាពរបស់លោកអ្នក និងប្តេជ្ញាចិត្តក្នុងការការពារព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក។ លោកអ្នកយល់ព្រមអនុញ្ញាតឱ្យធនាគារប្រមូល ប្រើប្រាស់ ចែករំលែក និងរក្សាទុកព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក ស្របតាមគោលការណ៍ឯកជនភាព (Privacy Policy) របស់យើងខ្ញុំ។
តាមរយៈការប្រើប្រាស់សេវាកម្មរបស់យើងខ្ញុំ លោកអ្នកយល់ព្រមចំពោះគោលការណ៍ឯកជនភាពរបស់យើងខ្ញុំ និងយល់ព្រមផ្តល់នូវការយល់ព្រម ឬការអនុញ្ញាតណាមួយដែលយើងខ្ញុំអាចត្រូវការ ដើម្បីប្រមូល ប្រើប្រាស់ ចែករំលែក ឬរក្សាទុកព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក។
៩.១. ព័ត៌មានដែលយើងខ្ញុំប្រមូល
យើងខ្ញុំប្រមូលព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក ដូចជា ឈ្មោះ ថ្ងៃខែឆ្នាំកំណើត ព័ត៌មានអត្តសញ្ញាណ ព័ត៌មានទំនាក់ទំនង និងអាសយដ្ឋាន ដើម្បីគាំទ្រដល់ការផ្តល់សេវាគណនី និងអនុលោមតាមតម្រូវការបទប្បញ្ញត្តិជាធរមាន។ សម្រាប់ការផ្ទៀងផ្ទាត់អត្តសញ្ញាណក្នុងអំឡុងពេលដំណើរការ eKYC និងការត្រួតពិនិត្យអតិថិជនបន្ថែម (Enhanced Customer Due Diligence: ECDD) ទិន្នន័យរូបភាពមុខ (Selfie) អាចត្រូវបានប្រមូល និងប្រើប្រាស់សម្រាប់គោលបំណងផ្ទៀងផ្ទាត់អត្តសញ្ញាណតែប៉ុណ្ណោះ។ ទិន្នន័យទាំងនេះនឹងត្រូវបានរក្សាទុកត្រឹមរយៈពេលដែលតម្រូវដោយច្បាប់ និងកាតព្វកិច្ចនៃការរក្សាទុកកំណត់ត្រាតាមបទប្បញ្ញត្តិជាធរមាន ហើយបន្ទាប់មកនឹងត្រូវបានលុបចោល ឬធ្វើឱ្យមិនអាចកំណត់អត្តសញ្ញាណបានដោយសុវត្ថិភាព។
អតិថិជនត្រូវធានាថា ព័ត៌មាន និងឯកសារទាំងអស់ដែលផ្តល់ជូនធនាគារ មានភាពត្រឹមត្រូវ ពេញលេញ មានសុពលភាព និងទាន់សម័យជានិច្ច។
អតិថិជនត្រូវជូនដំណឹងដល់ធនាគារជាបន្ទាន់ និងផ្តល់ព័ត៌មានដែលបានធ្វើបច្ចុប្បន្នភាព ព្រមទាំងឯកសារគាំទ្រពាក់ព័ន្ធ នៅពេលមានការផ្លាស់ប្តូរណាមួយចំពោះព័ត៌មានដែលបានផ្តល់ជូនធនាគារពីមុន រួមមាន ប៉ុន្តែមិនកំណត់ត្រឹម អត្តសញ្ញាណប័ណ្ណជាតិ (NID) / លិខិតឆ្លងដែន (Passport) ព័ត៌មានផ្ទាល់ខ្លួន ឬព័ត៌មានអាជីវកម្ម អាសយដ្ឋានលំនៅឋាន ឬអាសយដ្ឋានអាជីវកម្ម ព័ត៌មានទំនាក់ទំនង មុខរបរ ឬសកម្មភាពអាជីវកម្ម ភាពជាម្ចាស់ ឬម្ចាស់ផលប្រយោជន៍ពិតប្រាកដ (Beneficial Owner) អ្នកចុះហត្ថលេខាដែលមានសិទ្ធិ និងឯកសារអត្តសញ្ញាណផ្សេងៗ។
អតិថិជនក៏ត្រូវផ្តល់ជូនធនាគារនូវឯកសារអត្តសញ្ញាណដែលមានសុពលភាព និងបានបន្តសុពលភាពថ្មី នៅពេលឯកសារអត្តសញ្ញាណដែលធ្លាប់បានផ្តល់ជូនធនាគារត្រូវផុតកំណត់ ឬត្រូវបានបន្តសុពលភាព។
ការខកខានរបស់អតិថិជនក្នុងការផ្តល់ព័ត៌មាន ឬឯកសារដែលត្រូវការ ក្នុងរយៈពេលដែលកំណត់ដោយធនាគារ អាចបណ្ដាលឱ្យធនាគារចាត់វិធានការសមស្រប ស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន ព្រមទាំងគោលនយោបាយ និងនីតិវិធីរបស់ធនាគារ។
អតិថិជនមិនត្រូវបើក ឬរក្សាគណនីក្នុងនាមខ្លួនឯងសម្រាប់ ឬជំនួសឱ្យបុគ្គលផ្សេងទៀតឡើយ ហើយក៏មិនត្រូវធ្វើជាបុគ្គលតំណាង (Nominee) ឬលាក់បាំងអត្តសញ្ញាណរបស់ម្ចាស់ផលប្រយោជន៍ពិតប្រាកដ (True Beneficial Owner) នៃគណនី ឬមូលនិធិនោះដែរ។
ធនាគាររក្សាសិទ្ធិក្នុងការស្នើសុំព័ត៌មានដែលបានធ្វើបច្ចុប្បន្នភាព ឬឯកសារគាំទ្របន្ថែមពីអតិថិជនពីពេលមួយទៅពេលមួយ សម្រាប់គោលបំណងរក្សាកំណត់ត្រាអតិថិជនឱ្យមានភាពត្រឹមត្រូវ និងទាន់សម័យ ព្រមទាំងអនុលោមតាមច្បាប់ បទប្បញ្ញត្តិ និងតម្រូវការរបស់អាជ្ញាធរពាក់ព័ន្ធ។
ក្នុងករណីដែលធនាគារកំណត់ឃើញ ឬមានមូលហេតុសមស្របក្នុងការសង្ស័យថា អតិថិជនកំពុងធ្វើសកម្មភាពជំនួសឱ្យបុគ្គលផ្សេងទៀត ឬព័ត៌មានអំពីម្ចាស់ផលប្រយោជន៍ពិតប្រាកដ (Beneficial Owner) ដែលបានប្រកាស មានភាពមិនត្រឹមត្រូវ ឬមិនពេញលេញ ធនាគាររក្សាសិទ្ធិក្នុងការចាត់វិធានការភ្លាមៗ និងសមស្រប រួមទាំងការដាក់កម្រិត ឬផ្អាកគណនី ឬប្រតិបត្តិការនានា ស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន ព្រមទាំងគោលនយោបាយ និងនីតិវិធីរបស់ធនាគារ។
៩.២. របៀបដែលយើងខ្ញុំប្រើប្រាស់ព័ត៌មានរបស់លោកអ្នក
យើងខ្ញុំប្រើប្រាស់ព័ត៌មានរបស់លោកអ្នកដើម្បី៖
• ផ្តល់ ដំណើរការ និងថែរក្សាសេវាកម្មធនាគាររបស់យើងខ្ញុំ។
• ផ្ទៀងផ្ទាត់អត្តសញ្ញាណរបស់លោកអ្នក រួមទាំងដំណើរការស្គាល់អតិថិជនតាមប្រព័ន្ធអេឡិចត្រូនិក (Electronic Know Your Customer: eKYC) និងការត្រួតពិនិត្យអតិថិជនបន្ថែម (Enhanced Customer Due Diligence: ECDD)។
• ស្វែងរក ទប់ស្កាត់ និងស៊ើបអង្កេតករណីក្លែងបន្លំ ព្រមទាំងពង្រឹងសុវត្ថិភាពនៃសេវាកម្ម និងប្រព័ន្ធរបស់យើងខ្ញុំ។
• ផ្ញើព័ត៌មានធ្វើបច្ចុប្បន្នភាពសំខាន់ៗ ការជូនដំណឹង ការព្រមាន និងការជូនដំណឹងផ្សេងៗដែលពាក់ព័ន្ធនឹងសេវាកម្ម។
• អនុលោមតាមកាតព្វកិច្ចផ្លូវច្បាប់ បទប្បញ្ញត្តិ និងតម្រូវការអនុលោមភាព (Compliance Requirements) ដែលអនុវត្តជាធរមាន។
៩.៣. ការបង្ហាញព័ត៌មាន
ក្នុងករណីដែលយើងខ្ញុំត្រូវផ្ទេរ ឬចែករំលែកព័ត៌មានទៅកាន់ស្ថាប័នហិរញ្ញវត្ថុផ្សេងៗ ឬក្រុមហ៊ុនដែលមានទំនាក់ទំនងជាមួយយើងខ្ញុំ ដើម្បីអនុវត្តតាមការណែនាំ ឬសំណើស្នើសុំសេវាតាមប្រព័ន្ធអនឡាញរបស់លោកអ្នក លោកអ្នកអនុញ្ញាតឱ្យយើងខ្ញុំបញ្ជូន និងរក្សាទុកព័ត៌មានអំពីលោកអ្នក និងគណនីរបស់លោកអ្នក ដើម្បីផ្តល់ព័ត៌មានទាំងនោះទៅភាគីទីបីដែលពាក់ព័ន្ធ។
តាមរយៈនេះ លោកអ្នកយល់ព្រម និងទទួលស្គាល់ថា យើងខ្ញុំ ឬភាគីទីបីណាមួយដែលយើងខ្ញុំបានបញ្ជូនព័ត៌មានអំពីលោកអ្នក ឬគណនីរបស់លោកអ្នកទៅ អាចបង្ហាញព័ត៌មានទាំងនោះ ប្រសិនបើការបង្ហាញនោះត្រូវបានតម្រូវ ឬអនុញ្ញាតដោយច្បាប់។
យើងខ្ញុំ មិនលក់ទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នកទៅឱ្យភាគីទីបីឡើយ។
៩.៤. សុវត្ថិភាពទិន្នន័យ
យើងខ្ញុំអនុវត្តវិធានការបច្ចេកទេស និងវិធានការគ្រប់គ្រងស្ថាប័នដែលសមស្រប ដើម្បីការពារទិន្នន័យរបស់លោកអ្នក។ វិធានការទាំងនេះរួមមាន ការអ៊ិនគ្រីប (Encryption) ព័ត៌មានរសើប យន្តការផ្ទៀងផ្ទាត់អត្តសញ្ញាណប្រកបដោយសុវត្ថិភាព និងវិធានការការពារផ្សេងៗ ដើម្បីការពារទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នកពីការចូលប្រើប្រាស់ ការប្រើប្រាស់ ការបង្ហាញ ការកែប្រែ ឬការបំផ្លាញដោយគ្មានការអនុញ្ញាត។
៩.៥. ការរក្សាទុកទិន្នន័យ
ទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នកនឹងត្រូវបានរក្សាទុកត្រឹមតែរយៈពេលដែលចាំបាច់ ដើម្បីបំពេញគោលបំណងដែលបានកំណត់ក្នុងគោលការណ៍នេះ និងដើម្បីអនុលោមតាមតម្រូវការផ្លូវច្បាប់ បទប្បញ្ញត្តិ និងការត្រួតពិនិត្យសវនកម្មដែលអនុវត្តជាធរមាន។
៩.៦. សិទ្ធិ និងកាតព្វកិច្ចរបស់លោកអ្នក
ស្របតាមច្បាប់ជាធរមាននៃព្រះរាជាណាចក្រកម្ពុជា លោកអ្នកអាចមានសិទ្ធិក្នុងការចូលប្រើទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នក ស្នើសុំកែតម្រូវព័ត៌មានដែលមិនត្រឹមត្រូវ ស្នើសុំលុបទិន្នន័យក្នុងករណីដែលអាចអនុវត្តបាន និងដកហូតការយល់ព្រមរបស់លោកអ្នក ដោយអាស្រ័យលើការកំណត់ និងលក្ខខណ្ឌផ្លូវច្បាប់ដែលពាក់ព័ន្ធ។
• លោកអ្នកមិនត្រូវប្រើប្រាស់ goWave by RHB សម្រាប់គោលបំណងផ្សេងក្រៅពីការសាកសួរព័ត៌មានធនាគារដោយស្របច្បាប់ ឬការធ្វើប្រតិបត្តិការលើគណនីដែលលោកអ្នកមានសិទ្ធិស្របច្បាប់ក្នុងការប្រើប្រាស់ ស្របតាមលក្ខខណ្ឌ និងកិច្ចព្រមព្រៀងជាក់លាក់ និងលក្ខខណ្ឌដែលអនុវត្តចំពោះលោកអ្នកឡើយ។
• លោកអ្នកមិនត្រូវប្រើប្រាស់ goWave by RHB សម្រាប់សកម្មភាពអាជីវកម្មដែលត្រូវបានហាមឃាត់ឡើយ។
• លោកអ្នកមិនត្រូវធ្វើសកម្មភាពក្លែងបន្លំ ឬសកម្មភាពដោយចេតនាទុច្ចរិតណាមួយពាក់ព័ន្ធនឹង goWave by RHB ឡើយ។
• លោកអ្នកទទួលស្គាល់ថា លោកអ្នកមានទំនួលខុសត្រូវ និងត្រូវយកចិត្តទុកដាក់ដោយសមហេតុផលទាំងអស់ ដើម្បីធានាថាព័ត៌មានដែលលោកអ្នកផ្ដល់តាមរយៈ goWave by RHB មានភាពពិតប្រាកដ ពេញលេញ ត្រឹមត្រូវ និងទាន់សម័យ។ ក្នុងករណីដែលយើងខ្ញុំរកឃើញថាមានព័ត៌មានក្លែងបន្លំណាមួយ យើងខ្ញុំរក្សាសិទ្ធិក្នុងការបញ្ចប់ ឬផ្អាកគណនី goWave របស់លោកអ្នកជាបន្ទាន់។
៩.៧. ការតាមដាន
កម្មវិធីនេះមិនប្រើប្រាស់ Cookies របស់កម្មវិធីរុករកអ៊ីនធឺណិត (Browser Cookies) នោះទេ។ លេខសម្គាល់ឧបករណ៍ (DEVICE_ID) អាចត្រូវបានប្រើប្រាស់ដើម្បីគាំទ្រដល់ការផ្ទៀងផ្ទាត់អត្តសញ្ញាណ សុវត្ថិភាព និងមុខងារផ្សេងៗរបស់កម្មវិធី។
តាមរយៈការប្រើប្រាស់កម្មវិធីនេះ លោកអ្នកយល់ព្រមឱ្យមានការប្រើប្រាស់ DEVICE_ID ស្របតាមគោលការណ៍ឯកជនភាព (Privacy Policy) របស់យើងខ្ញុំ។
៩.៨. ឯកជនភាពរបស់កុមារ
កម្មវិធីនេះមិនត្រូវបានបង្កើតឡើងសម្រាប់បុគ្គលដែលមានអាយុក្រោម ១៨ ឆ្នាំ ទេ។ យើងខ្ញុំមិនប្រមូលទិន្នន័យពីអនីតិជនដោយចេតនាឡើយ។
៩.៩. ការធ្វើបច្ចុប្បន្នភាពគោលការណ៍នេះ
យើងខ្ញុំអាចធ្វើបច្ចុប្បន្នភាពគោលការណ៍ឯកជនភាពនេះពីពេលមួយទៅពេលមួយ។ រាល់ការផ្លាស់ប្តូរណាមួយនឹងត្រូវបានផ្សព្វផ្សាយនៅក្នុងកម្មវិធី ឬនៅលើគេហទំព័រផ្លូវការរបស់យើងខ្ញុំ។
១០. កម្មសិទ្ធិបញ្ញា
យើងខ្ញុំជាម្ចាស់ ឬមានសិទ្ធិស្របច្បាប់លើសិទ្ធិកម្មសិទ្ធិបញ្ញាទាំងអស់ដែលពាក់ព័ន្ធនឹងសេវាកម្មរបស់យើងខ្ញុំ។ លោកអ្នកមិនទទួលបានកម្មសិទ្ធិ ឬសិទ្ធិណាមួយលើសេវាកម្មរបស់យើងខ្ញុំឡើយ លើកលែងតែសិទ្ធិមានកម្រិតក្នុងការប្រើប្រាស់សេវាកម្ម ស្របតាមលក្ខខណ្ឌទាំងនេះ។
លោកអ្នកយល់ព្រមថា នឹងមិនធ្វើការចម្លង កែប្រែ ចែកចាយ លក់ ឬប្រើប្រាស់ផ្នែកណាមួយនៃសេវាកម្មរបស់យើងខ្ញុំដើម្បីផលប្រយោជន៍ផ្សេងទៀតឡើយ ហើយក៏មិនត្រូវធ្វើវិស្វកម្មបញ្ច្រាស (Reverse Engineer) បំបែកកូដកម្មវិធី (Decompile) ឬព្យាយាមស្វែងរកកូដប្រភព (Source Code) នៃកម្មវិធីណាមួយដែលប្រើប្រាស់ក្នុងសេវាកម្មរបស់យើងខ្ញុំ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរជាមុនពីយើងខ្ញុំឡើយ។
១១. ការទទួលខុសត្រូវ
goWave by RHB ត្រូវបានផ្តល់ជូនក្នុងស្ថានភាព "ដូចដែលមាន" (As Is) ហើយយើងខ្ញុំមិនអាចធានាថាសេវាកម្មនេះនឹងបំពេញតម្រូវការរបស់លោកអ្នកគ្រប់ពេលវេលា ឬដំណើរការបានល្អឥតខ្ចោះនោះទេ។
យើងខ្ញុំខិតខំប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីធានាថាសេវាកម្មដំណើរការបានរលូន ប៉ុន្តែក្នុងករណីខ្លះ អ្វីៗអាចមិនប្រព្រឹត្តទៅតាមការរំពឹងទុក។ ក្នុងករណីបែបនេះ និងក្នុងកម្រិតដែលសមហេតុផល ការទទួលខុសត្រូវរបស់យើងខ្ញុំត្រូវបានកំណត់ត្រឹមចំនួនកម្រៃសេវាដែលលោកអ្នកបានបង់ឱ្យយើងខ្ញុំក្នុងអំឡុងពេល ១២ ខែ កន្លងមកប៉ុណ្ណោះ។
ការបដិសេធការទទួលខុសត្រូវនេះត្រូវបានអនុវត្តក្នុងកម្រិតអតិបរមាដែលច្បាប់អនុញ្ញាត។
១២. ការដោះស្រាយវិវាទ
ប្រសិនបើលោកអ្នកមានសំណួរ កង្វល់ ឬពាក្យបណ្តឹងណាមួយទាក់ទងនឹងសេវាកម្មរបស់យើងខ្ញុំ ឬលក្ខខណ្ឌ និងកិច្ចព្រមព្រៀងទាំងនេះ សូមទាក់ទងមកយើងខ្ញុំ។ យើងខ្ញុំនឹងខិតខំដោះស្រាយបញ្ហា ឬវិវាទនានាដោយសន្តិវិធី និងក្រៅប្រព័ន្ធតុលាការជាមុនសិន។
ទោះជាយ៉ាងណា ប្រសិនបើយើងខ្ញុំមិនអាចឈានដល់ដំណោះស្រាយដែលពេញចិត្តសម្រាប់ភាគីទាំងអស់បានទេ លោកអ្នកយល់ព្រមថា វិវាទ ឬការទាមទារណាមួយដែលកើតចេញពី ឬពាក់ព័ន្ធនឹងលក្ខខណ្ឌទាំងនេះ ឬសេវាកម្មរបស់យើងខ្ញុំ នឹងស្ថិតក្រោមយុត្តាធិការផ្តាច់មុខ និងទីកន្លែងជំនុំជម្រះរបស់តុលាការនៃព្រះរាជាណាចក្រកម្ពុជា។
១៣. ទូទៅ
លក្ខខណ្ឌ និងកិច្ចព្រមព្រៀងទាំងនេះ បង្កើតបានជាកិច្ចព្រមព្រៀងទាំងមូលរវាងលោកអ្នក និងយើងខ្ញុំ ទាក់ទងនឹងការប្រើប្រាស់សេវាកម្មរបស់យើងខ្ញុំ។
ក្នុងករណីមានភាពខុសគ្នា ឬមិនស្របគ្នារវាងកំណែជាភាសាអង់គ្លេសនៃលក្ខខណ្ឌទាំងនេះ និងការបកប្រែទៅជាភាសាផ្សេងណាមួយ កំណែជាភាសាអង់គ្លេសនឹងត្រូវយកជាធរមាន។
យើងខ្ញុំអាចកែប្រែ ឬធ្វើវិសោធនកម្មលក្ខខណ្ឌទាំងនេះបានគ្រប់ពេលវេលា ដោយផ្សព្វផ្សាយលក្ខខណ្ឌដែលបានកែប្រែនៅលើគេហទំព័រ ឬកម្មវិធីរបស់យើងខ្ញុំ ឬដោយជូនដំណឹងដល់លោកអ្នកតាមរយៈអ៊ីមែល ឬមធ្យោបាយផ្សេងៗ។
ការបន្តប្រើប្រាស់សេវាកម្មរបស់យើងខ្ញុំ ដោយលោកអ្នក បន្ទាប់ពីកាលបរិច្ឆេទមានប្រសិទ្ធភាពនៃលក្ខខណ្ឌដែលបានកែប្រែ នឹងត្រូវចាត់ទុកថា លោកអ្នកបានទទួលយកការកែប្រែទាំងនោះរួចហើយ។
ប្រសិនបើលោកអ្នកមិនយល់ព្រមនឹងលក្ខខណ្ឌដែលបានកែប្រែទេ លោកអ្នកគួរតែបញ្ឈប់ការប្រើប្រាស់សេវាកម្មរបស់យើងខ្ញុំ និងបិទគណនីរបស់លោកអ្នក។
១៤. និយមន័យ
ខាងក្រោមនេះគឺជាការពន្យល់អំពីអត្ថន័យនៃពាក្យ និងឃ្លាសំខាន់ៗដែលត្រូវបានប្រើប្រាស់នៅក្នុងឯកសារនេះ។ ការពន្យល់ទាំងនេះមានគោលបំណងជួយឱ្យលោកអ្នកយល់ពីអត្ថន័យនៃពាក្យ និងឃ្លាទាំងនោះ ដើម្បីអាចយល់បានយ៉ាងងាយស្រួលអំពីព័ត៌មានដែលមាននៅក្នុងឯកសារនេះ។
| ជីវមាត្រ (Biometric) |
វិធីសាស្ត្រផ្ទៀងផ្ទាត់អត្តសញ្ញាណរបស់លោកអ្នកដោយប្រើស្នាមម្រាមដៃ ឬការស្កេនមុខ។ |
| goWave by RHB / កម្មវិធី (App) |
សេវាធនាគារឌីជីថលដែលផ្តល់ដោយ ធនាគារ អ អេច ប៊ី (ខេមបូឌា) ភីអិលស៊ី។ |
| ធនាគារជាតិនៃកម្ពុជា |
ធនាគារកណ្តាលនៃព្រះរាជាណាចក្រកម្ពុជា ដែលទទួលខុសត្រូវក្នុងការត្រួតពិនិត្យ និងគ្រប់គ្រងវិស័យធនាគារ និងអនុវត្តគោលនយោបាយរូបិយវត្ថុ។ |
| លេខសម្ងាត់ប្រើតែម្តង (OTP) |
លេខកូដបណ្តោះអាសន្ន និងមានតែមួយគត់ ដែលត្រូវបានប្រើសម្រាប់ការផ្ទៀងផ្ទាត់ប្រតិបត្តិការ។ |
| ពាក្យសម្ងាត់ |
ពាក្យ ឬលេខកូដសម្ងាត់ដែលលោកអ្នកប្រើប្រាស់ដើម្បីបញ្ជាក់អត្តសញ្ញាណរបស់ខ្លួន។ |
| លេខសម្ងាត់ផ្ទាល់ខ្លួន (PIN) |
លេខសម្ងាត់ដែលលោកអ្នកប្រើដើម្បីផ្ទៀងផ្ទាត់អត្តសញ្ញាណរបស់ខ្លួន ដូចជាពេលដកប្រាក់ពីម៉ាស៊ីន ATM។ |
| គោលការណ៍ឯកជនភាព |
គោលការណ៍ដែលកំណត់អំពីរបៀបដែល ធនាគារ អ អេច ប៊ី (ខេមបូឌា) ភីអិលស៊ី ប្រមូល ប្រើប្រាស់ ចែករំលែក និងរក្សាទុកព័ត៌មានផ្ទាល់ខ្លួន។ |
| លក្ខខណ្ឌ |
លក្ខខណ្ឌ និងកិច្ចព្រមព្រៀងដែលគ្រប់គ្រងការប្រើប្រាស់សេវា goWave by RHB។ |
| ដែនកំណត់ប្រតិបត្តិការ |
ចំនួនទឹកប្រាក់អតិបរមាដែលអាចផ្ទេរបានក្នុងប្រតិបត្តិការមួយ ឬក្នុងរយៈពេលកំណត់ណាមួយ។ |
| ឈ្មោះអ្នកប្រើប្រាស់ |
ឈ្មោះសម្គាល់ដែលលោកអ្នកប្រើដើម្បីប្រាប់ប្រព័ន្ធកុំព្យូទ័រ ឬគេហទំព័រថាលោកអ្នកជានរណា។ |
| យើងខ្ញុំ / របស់យើងខ្ញុំ / ធនាគារ |
សំដៅលើ ធនាគារ អ អេច ប៊ី (ខេមបូឌា) ភីអិលស៊ី។ |
| លោកអ្នក / របស់លោកអ្នក |
សំដៅលើម្ចាស់គណនី ឬអ្នកប្រើប្រាស់ goWave by RHB។ |