ឧបមាថា អ្នកមានអ្វីៗគ្រប់យ៉ាងដែលអ្នកត្រូវការដើម្បីចាប់ផ្ដើមដំណើរការអាជីវកម្មខ្នាតតូចមួយ ចាប់ពីការយកគំនិតបង្កើតបានជាផែនការអាជីវកម្ម និងចំណុចជាច្រើនផ្សេងទៀត។ ប៉ុន្តែ តើនឹងមានអ្វីកើតឡើងទៅប្រសិនបើអ្នកមិនអាចទទួលបានធនធានហិរញ្ញវត្ថុធម្មតាពីគ្រឹះស្ថានធំៗ ដូចជា ធនាគារ ឬមិត្តភក្តិ ហើយគ្រួសាររបស់អ្នកមិនអាចផ្ដល់ប្រាក់កម្ចីឲ្យអ្នកបានគ្រប់គ្រាន់ដើម្បីចាប់ផ្ដើមអនុវត្តគំនិតអាជីវកម្មរបស់អ្នកទេនោះ?
នេះគឺជាសំណួរដែលយើងអាចជួយផ្ដល់ចម្លើយនៅក្នុងអត្ថបទនេះបាន។ សូមកុំទាន់អាលអស់សង្ឃឹមអីណា ពីព្រោះអ្នកនៅតែមានឱកាសប្រែក្លាយសុបិនរបស់អ្នកឱក្លាយជាការពិតបាន។.
តើអ្វីទៅគឺជាមីក្រូហិរញ្ញវត្ថុ?
នៅក្នុងន័យនេះ មីក្រូហិរញ្ញវត្ថុ ពីដើមឡើយមានន័យថាជាការផ្ដល់ប្រាក់កម្ចីមួយចំនួនតូច (ដែលគេស្គាល់ថាជាកម្ចីខ្នាតតូច ឬមីក្រូ) ដល់អ្នកដែលកំពុងត្រូវការឥណទាន ជាពិសេស នៅក្នុងសហគមន៍ជនបទ។ កម្ចីខ្នាតតូចទាំងនេះបានផ្ដល់ជូនតាមរយៈការផ្ដល់មីក្រូហិរញ្ញវត្ថុ ដែលអាចជួយមនុស្សជាច្រើនអាចកែលម្អជីវភាពរស់នៅរបស់ខ្លួនឲ្យមានភាពល្អប្រសើរ តាមរយៈការទទួលបានកម្ចីខ្នាតតូចដើម្បីចាប់ផ្ដើមអាជីវកម្មខ្នាតតូច ឬសម្រាប់ទិញសម្ភារកសិកម្មជាដើម។ ពិតជាមានប្រយោជន៍ណាស់មែនទេ?
វិស័យមីក្រូហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា ដំបូងឡើយបានចាប់ផ្ដើមដោយអង្គការមិនមែនរដ្ឋាភិបាល (NGO) ហើយជាពិសេស ត្រូវបានបង្កើតឡើងសម្រាប់អ្នកដែលមានលទ្ធភាពតិចតូចក្នុងការទទួលបានសេវាធនាគារ។ ប្រជាជនមួយក្រុមនេះជាទូទៅពុំមានប្រាក់ចំណូលមានស្ថិរភាពឡើយ ពិន្ទុឥណទានល្អ ឬទ្រព្យបញ្ចាំគ្រប់គ្រាន់ ដែលចំណុចទាំងអស់នេះគឺជាលក្ខខណ្ឌតម្រូវដើម្បីមានសិទ្ធិទទួលបានប្រាក់កម្ចីពីធនាគារប៉ុណ្ណោះ។.
នៅទីបំផុត ធនាគារជាតិនៃកម្ពុជាបានកំណត់នូវបទប្បញ្ញត្តិ ដើម្បីអនុវត្តជាផ្លូវការនូវមីក្រូហិរញ្ញវត្ថុនៅក្នុងសេវាហិរញ្ញវត្ថុ។ អង្គការមិនមែនរដ្ឋាភិបាលមួយចំនួនបានបំលែងខ្លួនទៅជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ (MFIs) ដែលយើងបានដឹងនាពេលថ្ងៃនេះ នៅតែបន្តផ្ដល់ប្រាក់កម្ចីខ្នាតតូច ដោយគ្រឹះស្ថានមួយចំនួនទទួលយកប្រាក់បញ្ញើ និងផ្ដល់សេវាផ្ទេរប្រាក់ថែមទៀតផង។ នាពេលបច្ចុប្បន្ននេះ មីក្រូហិរញ្ញវត្ថុមានផ្ដល់ជូនយ៉ាងទូលំទូលាយនៅក្នុងប្រទេសកម្ពុជាសម្រាប់ប្រជាជនគ្រប់រូប ទាំងសម្រាប់អ្នកនៅក្នុងទីក្រុង ឬតាមបណ្ដាខេត្ត ហើយព្រមទាំងបានក្លាយជាវិស័យដែលមានការរីកចម្រើនយ៉ាងធំធេង និងឆាប់រហ័សដោយខ្លួនឯងផងដែរ។.
អត្ថប្រយោជន៍របស់មីក្រូហិរញ្ញវត្ថុ
មីក្រូហិរញ្ញវត្ថុជួយលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ សម្រាប់ប្រជាជនដែលពុំមានលទ្ធភាពទទួលបានសេវាពីធនាគារ ឬមិនអាចទទួលបានសេវា។
ដោយសារតែយើងទាំងអស់គ្នាសុទ្ធតែបានដឹងហើយថា ប្រសិនបើយើងស្នើសុំប្រាក់កម្ចីដោយពុំមានប្រវត្តិឥណទានល្អ ឬពុំមានទ្រព្យបញ្ចាំមួយចំនួនទេនោះ ពាក្យស្នើសុំឥណទានរបស់យើងទំនងជាត្រូវបានបដិសេធខ្លាំងណាស់។ នេះគឺដោយសារតែអ្នកផ្ដល់ប្រាក់កម្ចីមិនអាចកំណត់បានថាតើយើងមានលទ្ធភាពក្នុងការបង់ប្រាក់កម្ចីបានគ្រប់ចំនួន និងទាន់ពេលវេលាដែរឬទេ។ ដោយសារតែគ្រឹះស្ថានហិរញ្ញវត្ថុផ្លូវការ ដូចជា ធនាគារ ជាដើម ជាទូទៅមិនអនុញ្ញាតឲ្យគ្រួសារមានប្រាក់ចំណូលទាបខ្ចីប្រាក់នោះទេ ដោយសារតែយល់ឃើញថា អាចមានហានិភ័យខ្ពស់ និងកង្វះសមត្ថភាព ដែលនេះមានន័យថា ប្រជាជនមួយភាគធំ ត្រូវបានផាត់ចេញពីសេវាហិរញ្ញវត្ថុដោយសារតែស្ថានភាពជីវភាពរបស់ពួកគាត់។ មីក្រូហិរញ្ញវត្ថុជួយដល់គ្រួសារទាំងអស់នេះតាមរយៈការផ្ដល់កម្ចីខ្នាតតូចដល់ពួកគេសម្រាប់ប្រើប្រាស់ទៅលើការវិនិយោគ (ដូចជា ការអប់រំ សុខភាព ការចិញ្ចឹមសត្វ ការទិញម៉ាស៊ីន ឬបំពេញតម្រូវការផ្សេងៗទៀត) ដើម្បីបង្កើតប្រាក់ចំណូលបន្ថែម ដោយផ្ដល់លទ្ធភាពឲ្យពួកគាត់កាន់តែល្អប្រសើរសម្រាប់ខ្លួនឯង និងគ្រួសាររបស់ពួកគាត់។ មីក្រូហិរញ្ញវត្ថុជួយផ្ដល់ឱកាសដល់គ្រួសាររបស់ពួកគាត់ក្នុងធ្វើការងារ ដើម្បីធ្វើឲ្យជីវភាពរស់នៅកាន់តែល្អប្រសើរ ដែលពីមុនមកពុំធ្លាប់មានឡើយ!
មីក្រូហិរញ្ញវត្ថុនាំឲ្យមានប្រាក់ចំណេញប្រកបដោយផលិតភាពផ្នែកសហគ្រិនភាព និងអាជីវកម្មខ្នាតតូច
នៅក្នុងបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើន ការមានមុខរបរផ្ទាល់ខ្លួន (self-employed) ឧទាហរណ៍ អ្នកលក់ដូរ ជាងកាត់សក់ កសិករ មាននូវកម្លាំងពលកម្មជាច្រើន ដោយសារតែការងារផ្លូវការភាគច្រើនមានកំណត់ ជាពិសេស នៅតាមសហគមន៍ជនបទតែម្ដង។ គួរឲ្យសោកស្ដាយណាស់ សហគ្រិនទាំងអស់នេះអាចមានការលំបាកនៅក្នុងការពង្រីកអាជីវកម្មរបស់ខ្លួន ដោយសារតែពួកគេពុំមានលទ្ធភាពទទួលបានហិរញ្ញប្បទាន។ មីក្រូហិរញ្ញវត្ថុជួយឲ្យពួកគេមានលទ្ធភាពទទួលបានឥណទានក្នុងទំហំទឹកប្រាក់តូច ជាមួយនឹងអត្រាការប្រាក់សមរម្យ ដើម្បីឲ្យអ្នកខ្ចីអាចផ្លាស់ប្ដូរពីដំណាក់កាលចាប់ផ្ដើម ប្រហែលប្រែក្លាយពីសកម្មភាពរកប្រាក់ចំណូលបានតិចតួច ក្លាយទៅជាសហគ្រាសធុនតូច ជាដើម។ តាមការពិតទៅ ការសិក្សាស្រាវជ្រាវដែលបានធ្វើឡើងដោយមន្ទីរពិសោធន៍ Abdul Latif Jameel Poverty Action Lab បានបង្ហាញថា ការទទួលបានឥណទានកាន់តែច្រើនជាងមុនពិតជាបានជួយសហគ្រិននៅក្នុងការពង្រីកលទ្ធភាពក្នុងការវិនិយោគទៅលើអាជីវកម្មរបស់ខ្លួន ដែលជួយបង្កើនសកម្មភាពអាជីវកម្មរបស់ពួកគេ! នេះរាប់បញ្ចូលទាំងការធ្វើឲ្យពួកគេមានភាពម្ចាស់ការទៅលើអាជីវកម្មរបស់ខ្លួនកាន់តែប្រសើរ មានប្រាក់ចំណូលខ្ពស់ជាងមុន ហើយក៏ទទួលបានប្រាក់ចំណេញច្រើនជាងមុនផងដែរសម្រាប់អាជីវកម្មមួយចំនួន។ តើពិតជាល្អណាស់មែនទេ?
កសាងប្រវត្តិឥណទានល្អ
នៅពេលបើកឱកាសឲ្យមានការស្នើសុំកម្ចី ហើយប្រសិនបើអ្នកខ្ចីមានលទ្ធភាពសងបំណុលរបស់ខ្លួនបានទាន់ពេលវេលា នោះពួកគេនឹងមានឱកាសនៅក្នុងការកសាងកេរ្តិ៍ឈ្មោះជាអ្នកខ្ចីដែលគួរឲ្យជឿទុកចិត្តបាន។ ដូច្នេះ ជាមួយនឹងមីក្រូហិរញ្ញវត្ថុ អ្នកទាំងឡាយណាដែលជាទូទៅមិនត្រូវបានអនុញ្ញាតឱ្យខ្ចីប្រាក់ពីធនាគារ និងគ្រឹះស្ថានផ្លូវការ នឹងមានឱកាសនៅក្នុងការកសាងប្រវត្តិឥណទានរបស់ខ្លួនតាមរយៈចាប់ផ្ដើមពីកម្ចីក្នុងទំហំប្រាក់តិចតួចទៅ! ជាមួយនឹងកម្ចីទាំងនេះ និងប្រវតិ្តនៃភាពគួរឲ្យជឿទុកចិត្ត និងពិន្ទុឥណទានល្អ អ្នកខ្ចីប្រាក់ដដែលទាំងអស់នេះអាចមានលទ្ធភាពស្នើសុំកម្ចីក្នុងទំហំទឹកប្រាក់ធំជាងមុនបន្តិចម្ដងៗ ឬប្រហែលជាអាចស្នើសុំកម្ចីពីធនាគារបានថែមទៀតផង។ នៅពេលនេះ អ្នកបានយល់ហើយថា មីក្រូហិរញ្ញវត្ថុផ្ដល់ឱកាសឲ្យអ្នកគ្រប់គ្នាក្នុងការសម្រេចនូវក្ដីសុបិនរបស់ខ្លួន ដើម្បីធ្វើឲ្យជីវិតកាន់តែល្អប្រសើរឡើង ហើយជួយឲ្យពួកគេក្នុងការប្រែក្លាយបំណងប្រាថ្នានេះទៅជាការពិត។.
នៅទីបំផុត ទោះបីជាមីក្រូហិរញ្ញវត្ថុអាចជាជម្រើសដ៏ល្អដែលមានអត្ថប្រយោជន៍ល្អៗជាច្រើនក្ដី ក៏ សូមមានភាពឈ្លាសវៃក្នុងការស្នើសុំប្រាក់កម្ចីដោយមានការប្រុងប្រយ័ត្នជានិច្ច។ នាពេលបច្ចុប្បន្ន នៅក្នុងប្រទេសកម្ពុជា ទោះបីជាពីដំបូងឡើយមានស្មារតីចង់ជួយ និងមានគោលបំណងក្នុងការផ្ដល់មីក្រូហិរញ្ញវត្ថុក៏ដោយ ក៏ប៉ុន្តែគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ (MFIs) ឥឡូវនេះគិតអត្រាការប្រាក់យ៉ាងខ្ពស់សម្រាប់កម្ចី ខណៈដែលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ តូចជាច្រើនបានបង្កើតឡើងដើម្បីកេងចំណេញតាមវិធីស៊ីចំណេញពីលើអ្នកខ្ចីតែម្ដង។ ទោះបីជាកម្ចីមីក្រូ ឬខ្នាតតូចនេះមានទំហំតូចក៏ពិតមែន ចូរប្រាកដថាអ្នកបានពិចារណាទៅលើស្ថានភាពហិរញ្ញវត្ថុរបស់អ្នកបានយ៉ាងយកចិត្តទុកដាក់បំផុត! បំណុលដែលកើតចេញពីការបូកបង្គរអត្រាការប្រាក់ដ៏ខ្ពស់នេះ នឹងធ្វើឲ្យខ្ទង់ទឹកប្រាក់ដែលអ្នកត្រូវសងវិញខុសគ្នាច្រើនសម្បើមណាស់។ ប្រសិនបើអាច ធនាគារជាទូទៅគឺជាជម្រើសមានសុវត្ថិភាពជាង ប្រសិនបើអ្នកត្រូវការខ្ចីប្រាក់ដោយសារតែធនាគារមានការតាមដានយ៉ាងល្អិតល្អន់ និងស្ថិតនៅក្រោមនិយ័តកម្មរបស់ធនាគារជាតិនៃកម្ពុជា។.
យើងសង្ឃឹមថាអត្ថបទនេះបានផ្ដល់នូវចំណេះដឹងបន្ថែមទៀតសម្រាប់អ្នក! មីក្រូហិរញ្ញវត្ថុ គឺជាវិស័យអាជីវកម្មមួយដែលបានបង្កើតឡើងនៅក្នុងប្រទេសកម្ពុជា ហើយយើងយល់ឃើញថា វិស័យនេះច្បាស់ជានឹងបន្តមានការរីកចម្រើនយ៉ាងឆាប់រហ័ស។ សូមធ្វើយ៉ាងណាឲ្យប្រាកដថា អ្នកបានរៀនសូត្រនូវគ្រប់ចំណុចអំពីវិស័យនេះ និងមានសមត្ថភាពថ្លឹងថ្លែងពីគុណប្រយោជន៍ និងគុណវិបត្តិនៅមុនពេលអ្នកធ្វើការសម្រេចចិត្តស្នើសុំប្រាក់កម្ចី ឬទៅរកគ្រឹះស្ថានណាមួយនោះ! ដើម្បីទទួលបានអត្ថបទ Finance 101 បន្ថែមទៀត អ្នកអាចចុចនៅត្រង់ នេះ។.